តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញានៅថ្ងៃច័ន្ទនេះថា នឹងដាក់ប្រទេសជប៉ុននៅជួរមុខ នៃកិច្ចការពិភពលោកនៅក្នុង “ភាពតានតឹង” ឆ្នាំ២០២៤ ដែលនឹងឃើញព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក គីស៊ីដា ដែលផ្តោតខ្លាំងលើការទូតជាមួយមេដឹកនាំ ពិភពលោកផ្សេងទៀតបានឲ្យដឹងថា លោកនឹងអនុវត្តភាពជាអ្នកដឹកនាំ “តែមួយគត់សម្រាប់ប្រទេសជប៉ុន” តាមរយៈកិច្ចប្រជុំកំពូលការទូតដើម្បី “យកឈ្នះលើបញ្ហាប្រឈម” ដោយលើកឡើងពីបញ្ហាដូចជា សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក គីស៊ីដា ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការពារជាតិ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនៅខែតុលា ឆ្នាំ២០០១ បានឲ្យដឹងថា “យើងនឹងការពារយ៉ាងដាច់ខាត នូវសុវត្ថិភាពរបស់ប្រជាជន និងទឹកដី ទឹក និងដែនអាកាសរបស់ប្រទេសជប៉ុន នៅក្នុងបរិយាកាសសន្តិសុខ ដ៏ស្មុគស្មាញនៅក្នុងតំបន់អាស៊ីបូព៌ា”។
លើផ្នែកសេដ្ឋកិច្ច លោក គីស៊ីដា បានសន្យាថានឹងចាត់វិធានការចាំបាច់ ដើម្បីផ្តល់ការដំឡើងប្រាក់ឈ្នួល ដែលលើសពីការកើនឡើងនៃតម្លៃ ដោយបង្ហាញក្តីសង្ឃឹមថាពលរដ្ឋជប៉ុននឹង “មានអារម្មណ៍ថា” កំណើនសេដ្ឋកិច្ចដើម្បីនាំ មកនូវការផ្លាស់ប្តូរនៅក្នុង “ផ្នត់គំនិត” របស់សង្គម។
ចំពោះរឿងអាស្រូវនៃ ការរៃអង្គាសថវិកានយោបាយដែលបាន ធ្វើឱ្យកក្រើកគណបក្សប្រជាធិបតេយ្យសេរី របស់លោកនាពេលថ្មីៗនេះ លោក គីស៊ីដា បានលើកឡើងថាលោកនឹង “ខិតខំប្រឹងប្រែង ដើម្បីស្តារការជឿទុកចិត្ត របស់សាធារណជនឡើងវិញ” ទោះបីជាលោកមិនបានបញ្ជាក់លម្អិតថាតើ លោកនឹងចាត់វិធានការជាក់លាក់អ្វីក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា