ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ​ឲ្យ​មាន​ការ​ ចរចា​ឡើងវិញ​ ជុំវិញ​វិបត្តិ​អ៊ុយក្រែន

រូបភាពពី៖​ XINHUA

យូអិន៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យចាប់ផ្តើមការចរចាឡើងវិញមុនកាលកំណត់អំពីវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សន្តិភាពមិនអាចសម្រេចបានដោយការបញ្ជូនអាវុធទៅក្នុងសមរភូមិនោះទេ ដោយបន្ថែមថា ការប្រយុទ្ធគ្នាយូរនឹងនាំឱ្យជនស៊ីវិល បាត់បង់ជីវិតកាន់តែច្រើន។

លោក Zhang បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងការទូតមិនត្រូវបោះបង់ចោលក្នុងកាលៈទេសៈណាក៏ដោយ។ យើងអំពាវនាវឱ្យចាប់ផ្តើមការចរចាដោយផ្ទាល់ភ្លាមៗ និងការបន្តការចរចាជាជំហាន ៗ ក្នុងគោលបំណងបង្កើតការឯកភាពគ្នាដើម្បីបញ្ចប់អរិភាព” ។

លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ បង្កើតលក្ខខណ្ឌ ដែលអាចអនុញ្ញាតបាន ដើម្បីបញ្ចប់អរិភាព ដោយសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធផ្សេងទៀតគួរតែជៀសវាងពីសកម្មភាពប្រឆាំង ឬវោហាសាស្ត្រដែលមិនទទួលខុសត្រូវ។

លោកបានបន្ដថាសន្តិសុខ គឺមិនអាចបំបែកបាន។ គ្មានប្រទេសណា ដែលគួរព្យាយាមធានាខ្លួនដោយចំណាយលើសន្តិសុខរបស់ប្រទេសមួយផ្សេងទៀតនោះទេ ហើយក៏មិនអាចធានាសន្តិសុខក្នុងតំបន់បានដែរ ដោយការប្រមូលផ្តុំ ឬពង្រីកប្លុកយោធា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top