ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញមុខបដិសេធ ជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារដោយដ្រូន បណ្តាលឱ្យទាហាន អាមេរិក៣នាក់ស្លាប់ និង ជាច្រើននាក់របួស នៅហ្ស៊កដានី

xinhua

បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ មិនជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលធ្វើឱ្យសមាជិកសេវាកម្មអាមេរិក ៣នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមតស៊ូឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រ សម្រាប់កងជីវពលអ៊ិស្លាម និកាយ Shia បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើប៉ុស្តិ៍ ដែលគេស្គាល់ថា Tower 22 ដែលនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនជាមួយព្រំដែនហ្សកដានី-ស៊ីរី ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយ “ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់” ខណៈដែលអ្នកនយោបាយ អាមេរិកជាច្រើនបាន ស្តីបន្ទោសទីក្រុងតេអេរ៉ង់ដោយផ្ទាល់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានចង្អុលស្រដៀងគ្នានេះទៅអ៊ីរ៉ង់ ដោយជំរុញឱ្យសាធារណរដ្ឋឥស្លាម «បន្ធូរបន្ថយភាពតានតឹងក្នុងតំបន់»។

លោក Kanaani បាននិយាយថា “ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់ពីមុនមក ក្រុមអ្នកតស៊ូក្នុងតំបន់កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍” ។ “ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទេ ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាព ដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍ របស់ប្រទេស និងប្រជាជនរបស់ពួកគេ”។

លោក Biden បានសន្យាថា នឹងឆ្លើយតបទៅនឹង ការស្លាប់របស់ទាហានអាមេរិក ដោយលោកបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងចាត់ចែងអ្នកទទួលខុសត្រូវទាំងអស់ក្នុងពេលមួយ និងក្នុងលក្ខណៈនៃការជ្រើសរើសរបស់យើង»៕
ប្រែសម្រួលៈ ណៃ តុលា

To Top