ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន នឹង​ត្រូវ​បណ្តេញ​ឧត្តម​សេនីយ៍​កំពូល ​ចេញនៅ​សប្តាហ៍​នេះ

AFP

បរទេស៖ សារព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃពុធដោយ ដកស្រង់ប្រភពដែលដឹងពីស្ថានភាពនេះថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានបំណងបណ្តេញឧត្តមសេនីយកំពូល របស់គាត់គឺលោក Valery Zaluzhny មុនពេលចុងសប្តាហ៍នេះ ។

របាយការណ៍នេះកើតឡើងបន្ទាប់ពី មានពាក្យចចាមអារ៉ាមស្រដៀងគ្នានេះ ដែលលេចចេញនៅក្នុងសារព័ត៌មាននានាដូចជា Financial Times និង Washington Post ដែលរហូតមកដល់ពេលនេះ ក៏ត្រូវបានច្រានចោលដោយទីក្រុងគៀវ ផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រធានាធិបតី Vladimir Zelensky និងឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន នៅពេលដែលឧត្តមសេនីយ៍ Zaluzhny បានសរសេរអត្ថបទមួយសម្រាប់ The Economist នៅក្នុងខែវិច្ឆិកាដោយពណ៌នា អំពីស្ថានភាពសមរភូមិថាជា “ភាពទាល់ច្រក” បន្ទាប់ពីការវាយលុកដែលបរាជ័យរបស់ទីក្រុងគៀវ ។ ប្រធានាធិបតីបានច្រានចោល ការវាយតម្លៃនោះយ៉ាងខ្លាំងក្លាវិញ។

យោងតាមសារព័ត៌មាន CNN លោក Zaluzhny ត្រូវបានកោះហៅទៅកាន់ការិយាល័យរបស់លោក Zelensky កាលពីថ្ងៃច័ន្ទ ជាកន្លែងដែលគាត់ត្រូវបានគេប្រាប់ថា គាត់នឹងត្រូវបណ្តេញចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខណៈពេលដែលមិនទាន់មានសេចក្តីប្រកាសជាផ្លូវការនៅឡើយ, ប្រភពមួយបានប្រាប់បណ្តាញព័ត៌មានថា ក្រឹត្យរបស់ប្រធានាធិបតីត្រូវបានរំពឹងទុកថា នឹងចេញនៅចុងសប្តាហ៍នេះ។

ពាក្យចចាមអារ៉ាមដែលថា មេដឹកនាំយោធាដ៏មានប្រជាប្រិយ របស់ប្រទេសអ៊ុយក្រែន គឺនឹងត្រូវបានជំនួស បានចាប់ផ្តើមផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ ដោយផ្អែកលើប្រភពអនាមិកនៅក្នុងទីក្រុងគៀវ។ កាសែត Washington Post បានអះអាងថា ប្រធានាធិបតីបានពន្យល់ពីការសម្រេចចិត្ត របស់លោកទៅកាន់លោក Zaluzhny ដោយនិយាយថា ត្រូវការមេបញ្ជាការថ្មី ដើម្បីធ្វើឱ្យស្ថានការណ៍ មានភាពស្រស់ថ្លាឡើងវិញ ខណៈដែលប្រជាជនអ៊ុយក្រែន បានធុញទ្រាន់នឹងសង្រ្គាម ខណៈដែលអ្នកគាំទ្របរទេសរបស់ទីក្រុងគៀវ បានកាត់បន្ថយជំនួយយោធា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top