ព័ត៌មានអន្តរជាតិ

បារាំង ប្រគល់គ្រឿងឥស្សរិយយសខ្ពស់បំផុត ដល់លោកសាស្ដ្រាចារ្យ ឈាង រ៉ា

ភ្នំពេញ៖ នារាត្រីថ្ងៃ១ កុម្ភៈ រដ្ឋាភិបាលបារាំងតាមរយៈលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ឈ្មោះ ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ (La Légion d’honneur) ជូនលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ក្នុងបរិវេនស្ថានទូតបារាំងផ្ទាល់តែម្តង។

ទូតបារាំង លោក ហ្សាក់ ប៉ឺឡេ បានលើកក្នុងពិធីនោះថា គ្រឿងឥស្សរិយយសដ៏ឧត្ដុង្គឧត្តម ជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះ អាចប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។

ជាមួយគ្នានេះ លោកបានលើកឡើងពី ស្នាដៃរបស់លោករដ្ឋមន្ត្រី ឈាង រ៉ា បានរួមចំណែកលើកកម្ពស់ ចំណងទាក់ទងដ៏ស្អិតរមួតរវាងបារាំង-កម្ពុជា លើវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវ របស់លោកសាស្ដ្រាចារ្យ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំង លើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ លោកថា លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោកបន្តថា «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបាន សម្រេចយ៉ាងពេញលេញ ហើយលោកសាស្ដ្រាចារ្យ ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ ប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្តម»។

សម្រាប់លោកសាស្ដ្រាចារ្យ ឈាង រ៉ា វិញក៏បានថ្លែងអំណរគុណ ដល់បារាំងបានគាំទ្រយ៉ាងមោះមុត និងឥតងាករេដល់វិស័យសុខាភិបាលកម្ពុជា។ លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីឥស្សរជនបារាំងជាច្រើនរូប ដែលបានប្រឹងប្រែងអស់ រយៈពេលជាច្រើនឆ្នាំមកនេះ ជួយឲ្យវិស័យសុខាភិបាល នៅកម្ពុជាមានការរីកចម្រើន។

សាស្ដ្រាចារ្យរដ្ឋមន្ដ្រីថ្លែងថា ការរីកចម្រើនដែលសម្រេចបានគឺជា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទកភាពរួម។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏សង្ឃឹមជឿជាក់លើការជួយជ្រោមជ្រែង ពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការ សុខាភិបាលមួយដោយ «រលូន និងទំនុកចិត្ត»។

ប្រទេសបារាំងបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងវិស័យសុខាភិបាលសាកល ដើម្បីឆ្លើយតបគោលដៅនៃ ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ននៅកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំង ស្ដែងឡើងតាមរយៈការគាំទ្រ ដល់ការបណ្តុះបណ្តាលនិស្សិតពេទ្យ ដោយជាមធ្យមនិស្សិត ៧០នាក់ ចេញទៅប្រទេសបារាំងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងជំនាញឯកទេស នៅតាមបណ្តាមន្ទីរពេទ្យបារាំង។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើង ក្នុងក្របខ័ណ្ឌភាពជាដៃគូ រវាងសាកលវិទ្យាល័យបារាំង និងសាកលវិទ្យាល័យកម្ពុជា និងតាមរយៈការដាក់ អ្នកជំនាញបច្ចេកទេសអន្តរជាតិ នៅតាមសា្ថប័នសុខាភិបាលសំខាន់ៗ ៕

To Top