ព័ត៌មានអន្តរជាតិ

ការតវ៉ាដោយស្ងៀមស្ងាត់ ត្រូវបានធ្វើឡើងនៅ ប្រទេសមីយ៉ាន់ម៉ា ក្នុងខួបលើកទី៣ នៃរដ្ឋប្រហារយោធា

រូបភាពពី៖​ kyodo

យ៉ាំងហ្គោន៖ ក្រុមប្រឆាំង នៃការគ្រប់គ្រងដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើ “កូដកម្មដោយស្ងាត់ៗ” កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសនេះបានប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ។

ការបង្ហាញការរឹងរូសប្រឆាំងនឹងរបបយោធា ដែលបានឲ្យដឹងកាលពីថ្ងៃមុនថា ខ្លួននឹងបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត បន្ទាប់ពីជម្លោះដ៏អូសបន្លាយរវាងយោធា និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាក្រុមឧទ្ទាមជនជាតិភាគតិច ដោយកម្លាំងប្រឆាំងទទួលបានសន្ទុះចាប់តាំងពីខែតុលា ឆ្នាំមុន។

មានការកាត់បន្ថយចរាចរណ៍ និងមានមនុស្សតិចជាងមុននៅតាមដងផ្លូវនៃទីក្រុងដ៏ធំបំផុត យ៉ាំងហ្គោន ក្នុងអំឡុងពេលកូដកម្មដែលបានចាប់ផ្តើមនៅម៉ោង ១០ព្រឹក និងបានបញ្ចប់នៅម៉ោង ៤រសៀល ដោយក្រុមបាតុករបានស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។

សិស្សវិទ្យាល័យអាយុ ១៧ ឆ្នាំនៅក្នុងទីក្រុងដែលបាននិយាយថាគាត់ត្រូវបានគេចាប់ខ្លួនមុនពេលចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលបានឲ្យដឹងថា “កូដកម្មស្ងាត់ គឺជាវិធីតែមួយគត់ ដើម្បីបង្ហាញពីការតវ៉ារបស់ខ្ញុំ” ។

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ដូច​ធម្មតា​នៅ​តាម​ផ្លូវ​តូច​ចង្អៀត​ក្នុង​ពេល​មាន​កូដកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មនុស្សរាប់រយនាក់បានដើរដង្ហែរនៅ កណ្តាលទីក្រុងយ៉ាំងហ្គោននៅពេលរសៀល ដើម្បីគាំទ្រក្រុមយោធា នៅក្នុងការប្រមូលផ្តុំដែលទំនងជាគាំទ្រដោយរបបយោធា ព្រោះវាបានហាមឃាត់យ៉ាងតឹងរ៉ឹងការប្រមូលផ្តុំចាប់តាំងពីរដ្ឋប្រហារ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top