ព័ត៌មានអន្តរជាតិ

យន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង របស់ស៊ែរប៊ី បង្ខំចិត្តចុះចតបន្ទាន់ បន្ទាប់ពីហោះឡើងបាន១ម៉ោង

AFP

បរទេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានបន្សល់ទុកជាមួយនឹង ប្រហោងមួយនៅលើតួ និងស្លាប របស់វា បន្ទាប់ពីយន្តហោះនេះ បានរត់ហួសផ្លូវ រត់អំឡុងពេលហោះឡើងក្នុងទីក្រុង Belgrade កាលពីថ្ងៃអាទិត្យ, នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ។ ជើងហោះហើរ Air Serbia flight JU324 បានធ្វើការចុះចតបន្ទាន់ដោយជោគជ័យ ប្រហែលមួយម៉ោងក្រោយមក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា យន្តហោះ Embraer E195LR ដែលដំណើរការជំនួសដោយក្រុមហ៊ុនដៃគូ Marathon Airlines ត្រូវត្រលប់ទៅអាកាសយានដ្ឋាន Belgrade Nikola Tesla ជំនួសឱ្យការធ្វើដំណើរតាមកាលវិភាគទៅ Dusseldorf ប្រទេសអាល្លឺម៉ង់។ ទិន្នន័យចរាចរណ៍ផ្លូវអាកាសដែលតាមដានដោយ FlightRadar24 បង្ហាញថា យន្តហោះបានហោះព័ទ្ធជុំវិញពីរដងមុនពេលត្រឡប់មកដីវិញ។

រូបភាពយន្តហោះដែលថត បានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅផ្នែកខាងឆ្វេងរបស់វា។ ប្រេងសាំងទំនងជាលេចធ្លាយ ចេញពីគល់របស់ស្លាប ដែលប្រេះបែកជាផ្នែកដែលតភ្ជាប់ទៅតួមេ ចូលទៅក្នុងធុងដាក់នៅពីក្រោម។

យន្តហោះបានហោះចេញពីផ្លូវរត់ 30L ហើយទំនងជាបានជ្រុលហួសផ្លូវ ទៅបុកឧបករណ៍ផ្លូវរត់ 12R ដែលនៅជិតនោះ។ យន្តហោះអាយុ១៥ឆ្នាំនេះ ត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរជាង១០០នាក់នៅលើនោះ។ ក្រុមហ៊ុន Air Serbia បាននិយាយថា អ្នកនៅលើយន្តហោះទាំងអស់ គឺមិនមានគ្រោះថ្នាក់ទេ ក្នុងអំឡុងពេលចុះចតបន្ទាន់នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top