ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីបារាំងថា សង្គ្រាមលោកលើកទី៣ អាចនឹងកើតឡើង

RT News

បរទេស៖ អតីតនាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Europe-1 ថាលទ្ធភាពនៃជម្លោះអ៊ុយក្រែន ដែលកើនឡើងទៅជាសង្គ្រាមលោកលើកទី 3 គឺមិនអាចបដិសេធបានទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមលោក Valls ជោគវាសនារបស់ប្រជាជនបារាំង និងអ្នកផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបគឺ “ជាប់ទាក់ទងយ៉ាងជិតស្និទ្ធ” ទៅនឹងអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលមានន័យថា ពួកគេគួរតែ “ធ្វើសកម្មភាពឱ្យកាន់តែច្បាស់លាស់” ដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងផ្នែកយោធាផងដែរ។

លោក Valls បាននិយាយថា “យើងមិនអាចទទួលយកនូវសម្មតិកម្ម នៃជ័យជម្នះមួយសម្រាប់លោក Vladimir Putin ដែលនឹងតំណាងឱ្យការបញ្ចប់ នៃលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន និងការបរាជ័យជាយុទ្ធសាស្ត្រ យោធា នយោបាយ និងសីលធម៌របស់អឺរ៉ុប” បានទេ។

លោកបានបន្ថែមថា “ការយកឈ្នះលើរុស្ស៊ីគឺចាំបាច់ ហើយសម្រាប់រឿងនោះ យើងត្រូវធ្វើសកម្មភាព ឲ្យបានខ្លាំងក្លា និងឆាប់រហ័ស ហើយមិនត្រូវហាមឃាត់ អ្វីឡើយ” ដោយជាក់ស្តែងលោកសំដៅលើការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron នាពេលថ្មីៗនេះ ដែលថា ការបញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន មិនគួរត្រូវបានបដិសេធ នោះឡើយ ។

បន្ទាប់ពីការកត់សម្គាល់របស់លោក Macron កាលពីដើមសប្តាហ៍នេះ គឺមានប្រទេសជាច្រើនរួមមានប៉ូឡូញ អាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ីតាលី ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត បានច្រានចោលគំនិតដែលថា ពួកគេអាចដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន។ ប្រធានប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកគឺលោក Jens Stoltenberg ក៏បានច្រានចោលសេណារីយ៉ូបែបនេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top