បរទេស ៖ របាយការណ៍បាននិយាយថា បុរសជនជាតិឥណ្ឌាបីនាក់ បានបង្ហាញខ្លួន នៅក្នុងតុលាការ បន្ទាប់ពីការចាប់រំលោភបូក លើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដែលជិះម៉ូតូជាមួយប្តីរបស់នាង ដោយប៉ូលីស កំពុងតាមប្រមាញ់ ជនសង្ស័យបួននាក់ផ្សេងទៀត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីចាប់រំលោភបូកនេះ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ នៅភាគខាងកើតប្រទេសឥណ្ឌា ក្នុងសង្កាត់ Dumka នៃរដ្ឋ Jharkhand ជាកន្លែងដែលប្តីប្រពន្ធទាំងពីរ កំពុងបោះជំរុំស្នាក់នៅ។
បុរសជាជនសង្ស័យសរុបចំនួនប្រាំពីរនាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្ត អំពើរំលោភបំពានដ៏ឃោរឃៅ។
លោក Pitamber Singh Kherwar មន្ត្រីប៉ូលិសក្នុងតំបន់ជាន់ខ្ពស់ បានប្រាប់សារព័ត៌មាន AFP ថា “យើងបានបង្កើតក្រុមមួយ ដើម្បីតាមប្រមាញ់ជនសង្ស័យ ដែលនៅសេសសល់” ។
កាលពីថ្ងៃអាទិត្យ ជនជាប់ចោទបីនាក់ ត្រូវបានគេឃើញនាំចូល ទៅកាន់តុលាការ ដោយមានថង់គ្របលើក្បាលរបស់ពួកគេ ដោយមន្ត្រីប៉ូលិសកាន់ខ្សែពួរចង នៅចង្កេះជនសង្ស័យទាំងនោះ ។ ក្រោយមកអ្នកទាំងបីត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំង។ ស្ត្រីរងគ្រោះជាជនជាតិអេស្ប៉ាញ និងប្តីរបស់នាងក៏បាន ស្ថិតក្នុងតុលាការផងដែរ ។
ទីភ្នាក់ងារព័ត៌មាន Press Trust of India (PTI) របស់ឥណ្ឌាបានផ្សាយ កាលពីថ្ងៃចន្ទដោយស្រង់សម្តីរបស់លោក Kherwar ថា “យើងត្រូវធានាឱ្យមានការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង” ។
លោក Kherwar បានបន្តថា ក្រុមពិសេសមួយ រួមទាំងមន្ត្រីផ្នែកកោសល្យវិច្ច័យត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យកន្លែងកើតហេតុនៃការវាយប្រហារ ខណៈដែលក្រុមផ្សេងទៀតកំពុងតាមប្រមាញ់ជនសង្ស័យបន្ថែមទៀត។
លោក Kherwar បាននិយាយ នៅក្នុងរបាយការណ៍របស់ PTI ថា “ពួកគេកំពុងឆ្មក់ចូលកន្លែងជាច្រើន ។ យើងនឹងចាប់ខ្លួនជនជាប់ចោទ ដែលនៅសល់ក្នុងពេលឆាប់ៗនេះ»។ យោងតាមទិន្នន័យពីការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិបានឱ្យដឹងថា ជាមធ្យមករណីចាប់រំលោភគឺមានជិត ៩០ក្នុងមួយថ្ងៃត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២២ ។
ការរំលោភបូកដ៏កក្រើកមួយកើតឡើង ទៅលើនិស្សិតស្រីឥណ្ឌាម្នាក់ បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកក្នុងឆ្នាំ ២០១២។ នាងឈ្មោះ Jyoti Singh អាយុ ២៣ ឆ្នាំ ជានិស្សិត ផ្នែកព្យាបាលកាយសម្បទាត្រូវបានចាប់រំលោភ វាយដំបណ្តាលឱ្យស្លាប់ដោយបុរស ៥ នាក់និងក្មេងជំទង់នៅលើឡាន ក្រុងក្នុងទីក្រុង New Delhi ក្នុងខែធ្នូឆ្នាំនោះ៕
ប្រែសម្រួលៈ ណៃ តុលា