បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ហ្វាំងឡង់យល់ស្របជាមួយបារាំងថា ជម្រើសទាំងអស់ត្រូវតែស្ថិតនៅលើតុ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាម របស់ទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែក្នុងដំណាក់កាលនេះ ទីក្រុង Helsinki មិនមានឆន្ទៈក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ទៅអ៊ុយក្រែន ឬសូម្បីតែពិភាក្សាអំពីលទ្ធភាពបែបនេះ
នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសលោកស្រី Elina Valtonenបានបញ្ជាក់ ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្កឱ្យមានប្រតិកម្មតបវិញកាលពីខែកុម្ភៈ នៅពេលដែលគាត់ បានស្នើថាប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក មិនគួរដកចេញ លទ្ធភាពនៃការបញ្ជូនទាហានណាតូ ទៅជួយអ៊ុយក្រែន បានទេប៉ុន្តែ រដ្ឋជាសមាជិកជាច្រើន រួមទាំងប្រធានាធិបតីហ្វាំងឡង់ផងនោះ បានច្រានចោលការកត់សម្គាល់របស់ Macron យ៉ាងឆាប់រហ័ស ដោយអះអាងថា ពួកគេនឹងមិនបញ្ជូនយោធា ទៅកាន់ទឹកដីនៅអ៊ុយក្រែនឡើយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានលើកឡើងថា ជម្រើសទាំងអស់គួរតែត្រូវបានពិចារណា ប្រសិនបើស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺនសម្រាប់អ៊ុយក្រែន នេះបើតាមព្រឹត្តិបត្រព័ត៌មានសន្តិសុខជាតិរបស់ Politico បានរាយការណ៍កាលពីថ្ងៃសុក្រ។
គួរឲ្យដឹងដែរថា ប្រទេសហ្វាំងឡង់ដែលបានចូលរួម ជាមួយអង្គការណាតូ កាលពីខែមេសាកន្លងទៅ បាននិងកំពុងចំណាយច្រើនជាងគោលដៅរបស់សម្ព័ន្ធភាពគឺ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់យោធារបស់ខ្លួននិងច្រើនជាង ០,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបសម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី