ព័ត៌មានអន្តរជាតិ

លោក ម៉ាឌូរ៉ូ ទទួលយកបេក្ខភាព ប្រធានាធិបតីថ្មីវេណេស៊ុយអេឡា

Xinhua

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានទទួលយកបេក្ខភាពរបស់លោក សម្រាប់ធ្វើជាប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលសមាជជាតិនៃ គណបក្សសង្គមនិយមរបស់វេណេស៊ុយអេឡា ដែលកំពុងកាន់អំណាច។

លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាសថា “ប្រសិនបើអ្នកគាំទ្រខ្ញុំ យើងនឹងឈ្នះម្តងទៀត តាមរយៈផ្លូវនៃសេចក្តីពិត តាមរយៈផ្លូវនៃក្តីសង្ឃឹមជាថ្មី” ។

លោកបានគូសបញ្ជាក់ពីសមិទ្ធិផល ដែលបានធ្វើឡើងក្នុងអំឡុងពេលរដ្ឋបាល ប្រធានាធិបតីរបស់លោក ដូចជា “កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការងើបឡើងវិញ” និងការបង្រួបបង្រួមនៃសន្តិភាពសង្គម។

លោកប្រធានាធិបតីបានលើកឡើងថា “កំណើនសេដ្ឋកិច្ចនឹងលើសពី ៨ភាគរយ” នៅឆ្នាំនេះ ដែលជាការបង្ហាញពីវឌ្ឍនភាព របស់ប្រទេសជាមួយនឹង “ការខិតខំប្រឹងប្រែងដោយខ្លួនឯង” ។

នៅក្នុងនោះដែរលោកបានកត់សម្គាល់ថា គោលបំណងរបស់លោក គឺដើម្បីកសាងឡើងវិញ និងស្ដារស្ថានភាពសុខុមាលភាពសង្គម ដែលបន្សល់ទុកដោយអតីតប្រធានាធិបតី Hugo Chavez ក្រៅពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top