ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ អះអាងថា លុយរបស់រុស្ស៊ី ២០០ពាន់លានដុល្លារ ដែលត្រូវបានបង្កក នៅក្នុងសហភាពអឺរ៉ុប មិនមែនជារបស់នរណាម្នាក់ឡើយ

RT News

បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា លុយដែលបង្កើតបានពីទ្រព្យសម្បត្តិ ដែលបានបង្កករបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប មិនមែនជា របស់នរណាម្នាក់ឡើយ ដោយលោកបានលើកហេតុផលម្តងទៀតថា វាអាចប្រើប្រាស់បានដោយទីក្រុងព្រុចសែល ដើម្បីទិញអាវុធ សម្រាប់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ លោក Scholz បានទទូចថា ប្លុកនេះត្រូវការជំរុញការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ទីក្រុងគៀវ និងបង្កើនការផលិតគ្រាប់រំសេវ ដើម្បីស្របតាមតម្រូវការ របស់អ៊ុយក្រែន។

លោកបានស្នើផងដែរថា ក្រៅពីថវិកាដែលកំណត់ដោយរដ្ឋជាសមាជិក ធនធានបន្ថែមសម្រាប់ការទិញសព្វាវុធសម្រាប់ក្រុងគៀវ អាចបានមកពី “ផលចំណេញដែលមិនបានរំពឹងទុក” ពីទ្រព្យសម្បត្តិដែលបានបង្កករបស់រុស្ស៊ី។

លោកបន្តថា “យើងកំពុងនិយាយអំពីប្រាក់ចំណូល ដែលអាចប្រើប្រាស់បាន ព្រោះវាមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ ដូច្នេះហើយអាចប្រើប្រាស់ ដោយសហភាពអឺរ៉ុប” លោកបានបន្ថែមថា មូលនិធិទាំងនេះ ត្រូវតែប្រើប្រាស់ជាមួយនឹង “ទិសដៅច្បាស់លាស់” ដូចជាការទិញគ្រាប់រំសេវ សម្រាប់អ៊ុយក្រែន ។

សូមជម្រាបថា បន្ទាប់ពីការបើកប្រតិបត្តិការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២, សហភាពអឺរ៉ុប និងប្រទេស G7 ផ្សេងទៀតបានបង្កកប្រាក់បម្រុង រូបិយប័ណ្ណបរទេសរបស់រុស្ស៊ីដែលមានទឹកប្រាក់ជាង ៣០០ ពាន់លានដុល្លារ ជាមួយនឹងប្រហែល ២០០ ពាន់លានដុល្លារត្រូវបានកាន់កាប់ នៅក្នុងសហភាពអឺរ៉ុប៕
ប្រែសម្រួលៈ ណៃ តុលា

To Top