ព័ត៌មានអន្តរជាតិ

ទឹកសមុទ្រនៅខេត្ត Ha Tinh ប្រទេសវៀតណាម ប្រែជាពណ៌ក្រហម

VN Express

បរទេស៖ ឆ្នេរសមុទ្រនៅស្រុក Cam Xuyen ភាគកណ្តាលខេត្ត Ha Tinh ប្រទេសវៀតណាម បានប្រែជាពណ៌ក្រហមនៅចម្ងាយបីគីឡូម៉ែត្រ ដោយអាជ្ញាធរក្នុងតំបន់បានចង្អុលបង្ហាញទៅលើបញ្ហានៃស្លែ ឬ សារាយ សមុទ្រ ជាមូលហេតុ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វាស្ថិតនៅក្រៅទីប្រជុំជន Thien Cam និងឃុំ Cam Nhuong ដោយអ្នកស្រុកនិយាយថា ពណ៌បានផ្លាស់ប្តូរពណ៌ក្រហមខ្លាំងកាលពីបីថ្ងៃមុន។

មនុស្សម្នាក់បាននិយាយថា “ខ្ញុំមិនបានចេញចូលសមុទ្រនោះទេ រយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយអ្នកទេសចរខ្លះក៏និយាយថា ពួកគេមិនហ៊ានចូលទឹក ដោយសារបារម្ភពីគុណភាពទឹក”។

មន្ត្រីឃុំ Cam Nhuong ម្នាក់បាននិយាយថា សភាពនៅលើសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកធំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយរលកបានរុញសារាយមកជិតច្រាំង ។ ពួកគេបាននិយាយថា ការផ្លាស់ប្តូរពណ៌មិនមែន ដោយសារតែការបំពុលនោះទេ។

កាលពីខែតុលាឆ្នាំមុន ទឹកសមុទ្រនៅក្រោមស្ពាន Cua Nhuong ក្បែរឃុំ Cam Nhuong មានពីរពណ៌ផ្សេងគ្នាគឺពណ៌លឿង និងពណ៌ប្រផេះ។ គំរូត្រូវបានធ្វើតេស្ត ហើយការផ្លាស់ប្តូរពណ៌ ត្រូវបានរកឃើញថាបណ្តាលមកពីសារាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top