បរទេស៖ លោក Tran Qui Thanh ដែលជាអតីតប្រធាន ក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខ គេរបស់វៀតណាម Tan Hiep Phat រួមជាមួយនឹងកូនស្រីពីរនាក់ គឺនឹងត្រូវកាត់ទោស នៅខែក្រោយលើការចោទប្រកាន់ ពីបទលួចបន្លំទឹកប្រាក់ចំនួន ១.០៤៨ លានលានដុង ស្មើនឹងប្រហែល ៤១,៩២ លានដុល្លារ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការប្រជាជន ទីក្រុងហូជីមិញ នឹងបើកសវនាការ លើសំណុំរឿងលោក Thanh អាយុ ៧១ ឆ្នាំ, លោកស្រី Tran Uyen Phuong អាយុ ៤៣ ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន Tan Hiep Phat និង លោកស្រី Tran Ngoc Bich អាយុ ៤០ឆ្នាំ ជាអតីតនាយកចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា។
ពួកគេនឹងត្រូវបានតំណាងដោយមេធាវីបួននាក់ នៅក្នុងតុលាការដែលអង្គភាពចំនួន ៣៥ពាក់ព័ន្ធនឹងករណីនេះក៏នឹងបង្ហាញខ្លួនផងដែរ។
រដ្ឋអាជ្ញាចោទប្រកាន់ថា លោក Tran Qui Thanh និងកូនស្រីរបស់លោក បានផ្តល់ប្រាក់កម្ចីដល់បុគ្គលមួយចំនួនក្នុងអត្រាការប្រាក់ប្រចាំខែ ៣ភាគរយ ។ ជំនួសឱ្យការធានាប្រាក់កម្ចីទាំងនេះ ជាមួយនឹងកិច្ចសន្យា ដែលមានមូលដ្ឋានលើវត្ថុបញ្ចាំ លោក Thanh បានបង្ខិតបង្ខំអ្នកខ្ចីឱ្យចុះហត្ថលេខា លើកិច្ចសន្យាលក់ទ្រព្យសកម្មជូនគាត់ ដោយវាយតម្លៃអចលនទ្រព្យ ឱ្យទាបជាងតម្លៃទីផ្សាររបស់ពួកគេ។
នៅពេលអ្នកខ្ចីសងប្រាក់ដើម និងការប្រាក់ពេញនោះ លោក Tran Qui Thanh ត្រូវបានគេរាយការណ៍ថា បានបដិសេធក្នុងការប្រគល់ទ្រព្យសម្បត្តិមកវិញ ដោយអះអាងថា អ្នកខ្ចីបានបាត់បង់សិទ្ធិទិញវិញ របស់ពួកគេដោយសារតែការបំពានកិច្ចសន្យា។
លោកបានដាក់ សម្ពាធបន្ថែមទៀត ដល់អ្នកខ្ចីក្នុងការទូទាត់ចំនួនខ្ពស់ ជាងការព្រមព្រៀងដំបូង ដោយបដិសេធមិនទទួល យកការទូទាត់ក្នុង ចំនួនតិចជាងមុន ។ លោក Thanh និងកូនស្រី ត្រូវបានចោទប្រកាន់ថា បានយកលុយចំនួន ១.០៤៨ ពាន់ពាន់លានដុងពីខែមករា ឆ្នាំ ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២០ តាមរយៈគម្រោងនេះ។
យ៉ាងណាក៏ដោយ ពេញមួយដំណើរការស៊ើបអង្កេត លោក Thanh និងកូនស្រីរបស់លោកបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ៕
ប្រែសម្រួលៈ ណៃ តុលា