ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ថា មន្ត្រីជាន់ខ្ពស់មកពីប្រទេស ជាច្រើន កំពុងធ្វើកិច្ចចរចា ដោយសម្ងាត់ ដោះស្រាយជម្លោះអ៊ុយក្រែន

RT News

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសជាច្រើន គឺកំពុងធ្វើកិច្ចចរចា មិនសាធារណៈ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី វិមានក្រឹមឡាំង មិនបានចូលរួមក្នុងការពិគ្រោះ យោបល់ទាំងនោះទេ ។ នេះបើយោងតាមអ្នកនាំពាក្យ Dmitry Peskov ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតប្រចាំថ្ងៃ Markische Allgemeine នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំអាល្លឺម៉ង់ត្រូវបានសួរអំពីលទ្ធភាពនៃការដោះស្រាយ ឬយ៉ាងហោចណាស់បង្កកអរិភាព ហើយបានឆ្លើយតបដោយនិយាយថា “តែងតែមានគំនិតផ្តួចផ្តើមសម្របសម្រួល” ។

លោកបានលើកឡើង ជាពិសេសអំពីការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងក្រុងគៀវ នៅដើមដំបូងនៃជម្លោះ ដែលបានដួលរលំនៅនិទាឃរដូវឆ្នាំ២០២២ ។ ប្រទេសរុស្ស៊ីបាននិយាយថា ខណៈដែលការចរចាដែលវិល ជុំវិញអព្យាក្រឹតភាព របស់អ៊ុយក្រែនបានដំណើរការដំបូងខ្លះ ទីក្រុងកៀវបានសម្រេចចិត្ត បោះបង់ចោល ពួកគេតាមការណែនាំរបស់ អតីតនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ដែលបានផ្តល់អនុសាសន៍ ឱ្យអ៊ុយក្រែនបន្តប្រយុទ្ធ។ យ៉ាងណាក៏ដោយ លោក Johnson បានបដិសេធការអះអាងនេះ។

លោក Scholz ក៏បានអះអាងផងដែរថា មានការសន្ទនាគ្នាអំពីសន្តិសុខនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូបាននិយាយថា ស្ថិតនៅក្រោម ការវាយប្រហាររបស់អ៊ុយក្រែន និងការដោះដូរអ្នកទោស ដែលឃើញទាហាន រាប់រយនាក់មកពីភាគី ទាំងពីរត្រឡប់ទៅផ្ទះវិញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top