ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្រមានទៅលោក ណេតាន់យ៉ាហ៊ូ ថាការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែលនាពេលអនាគត អាស្រ័យលើជំហានដើម្បីការពារជនស៊ីវិល

Xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីន ណេតាន់យ៉ាហ៊ូ ថាការគាំទ្ររបស់សហរដ្ឋអាមេរិកនាពេលអនាគត សម្រាប់អ៊ីស្រាអែល នឹងពឹងផ្អែកលើជំហានរបស់អ៊ីស្រាអែល ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។

ក្នុងអំឡុងពេលការហៅទូរស័ព្ទ លោក បៃដិន បានសង្កត់ធ្ងន់ទៅកាន់លោក ណេតាន់យ៉ាហ៊ូ ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើបុគ្គលិកមនុស្សធម៌ ដែលផ្តល់ជំនួយដល់តំបន់ហ្គាហ្សា និង “ស្ថានភាពមនុស្សធម៌ទាំងមូល នៅក្នុងតំបន់ហ្គាហ្សាគឺមិនអាចទទួលយកបាន” នេះបើយោងតាមការអំពាវនាវដែលចេញដោយសេតវិមាន។

លោក បៃដិន “បានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការសម្រាប់អ៊ីស្រាអែល ដើម្បីប្រកាស និងអនុវត្តជាបន្តបន្ទាប់នូវជំហានជាក់លាក់ ជាក់ស្តែង និងអាចវាស់វែងបាន ដើម្បីដោះស្រាយការខូចខាតជនស៊ីវិល ការឈឺចាប់មនុស្សធម៌ និងសុវត្ថិភាពនៃបុគ្គលិកជំនួយ”។

យោងតាមលោកប្រធានាធិបតី “បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងតំបន់ហ្គាហ្សា នឹងត្រូវបានកំណត់ដោយការវាយតម្លៃរបស់យើង អំពីសកម្មភាពភ្លាមៗរបស់អ៊ីស្រាអែល លើជំហានទាំងនេះ” ។

លោក បៃដិន ក៏បានជំរុញឱ្យលោក ណេតាន់យ៉ាហ៊ូ អនុវត្ត “បទឈប់បាញ់ជាបន្ទាន់ ជាមួយក្រុមហាម៉ាស និងបញ្ចប់កិច្ចព្រមព្រៀងដោយមិនបង្អង់យូរ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញ” ។

ការអំពាវនាវនេះជាលើកដំបូងរវាងមេដឹកនាំទាំងពីរ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទ ដោយបានសម្លាប់សមាជិកចំនួន ៧នាក់នៃក្រុមសប្បុរសធម៌ World Central Kitchen (WCK) ដែលកំពុងធ្វើដំណើរទៅចែកចាយអាហារដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា កាវាយប្រហារនេះ បាន​ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top