ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើងថា ដល់ពេលដែលត្រូវត្រៀមខ្លួន សម្រាប់ធ្វើសង្គ្រាមហើយ

AFP

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំរបស់ ប្រទេសនេះ លោក គីម ជុងអ៊ុន បាននិយាយក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ទៅកាន់សាលាយោធាវរជនថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ និងឈ្នះសង្រ្គាម ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅបណ្ឌិតសភាយោធា និងនយោបាយនៅទីក្រុងព្យុងយ៉ាង ដាក់ឈ្មោះតាមឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ។ ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២០ ដើម្បី​អប់រំ​មន្ត្រី​កងទ័ព ​ដែល​មាន​ជោគជ័យ​បំផុត។

លោក គីម បានប្រាប់សិស្ស និង បុគ្គលិកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃពុធនេះថា “ឥឡូវនេះគឺជាពេលវេលា ដែលត្រូវរៀបចំឱ្យបានហ្មត់ចត់ជាងមុនសម្រាប់សង្រ្គាម ជាងពេលមុនៗ” ។ លោកបានបន្ថែមថា “កូរ៉េខាងជើងគួរ តែកាន់តែរឹងមាំ និងរៀបចំយ៉ាងល្អ ឥតខ្ចោះសម្រាប់សង្រ្គាមជាក់ស្តែង ដែលគួរតែត្រូវបានឈ្នះ ដោយគ្មានការបរាជ័យ ហើយមិនមែនគ្រាន់តែជាសង្រ្គាម ដែលអាចកើតមាននោះទេ” ។

លោក គីម បានកត់សម្គាល់ពីស្ថានភាពយោធា និងនយោបាយដែលមិនស្ថិតស្ថេរនៅជាប់នឹងប្រទេសកូរ៉េខាងជើង ហើយបានពណ៌នា អំពីស្ថានភាពអន្តរជាតិថា “កាន់តែធ្ងន់ធ្ងរឡើងដោយសារតែអំពើហិង្សា និងជម្លោះប្រដាប់ អាវុធដែលចេះតែកើនឡើងជាបន្តបន្ទាប់”។

រូបថតដែលចេញផ្សាយដោយ KCNA បានបង្ហាញថា លោក គីន និងមន្ត្រីកងទ័ពកំពុងត្រួតពិនិត្យ “បន្ទប់សិក្សាប្រតិបត្តិការ” ដែលបង្ហាញពីគំរូខ្នាត នៃរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង និង ផែនទីនៃឧបទ្វីបកូរ៉េ ដែលសម្គាល់ទីតាំង របស់ទាហានអាមេរិក ។

លោក គីម ជុងអ៊ុន បន្ថែមថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងជ្រើសរើស ការប្រឈមមុខដាក់គ្នាផ្នែកយោធា នោះ «កូរ៉េខាងជើង នឹងវាយលុកយ៉ាងខ្លាំងក្លា ទៅលើសត្រូវដោយមិនស្ទាក់ស្ទើរ ដោយប្រមូលគ្រប់មធ្យោបាយ ក្នុងកម្មសិទ្ធ របស់ខ្លួន» ដោយយកឈ្នះលើសត្រូវដោយ “ឧត្តមភាពខាងមនោគមវិជ្ជា ផ្លូវចិត្ត សកម្មប្រយុទ្ធ សីលធម៌ និងយុទ្ធសាស្ត្រ”៕
ប្រែសម្រួល: ណៃ តុលា

To Top