ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បដិសេធថា មិនបានពិភាក្សាអំពីការរុះរើ គណៈរដ្ឋមន្រ្តីជាមួយលោក ថាក់ស៊ីន នោះទេ

The Nation

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអង្គារ បានបដិសេធថា លោកបានពិភាក្សាអំពីការរុះរើគណៈរដ្ឋមន្ត្រីដែលអាចធ្វើទៅបានជាមួយអតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន បានបង្ហោះរូបថតនៅម៉ោង ១០.២៤ នាទីព្រឹក ដោយបង្ហាញរូបគាត់គោរព និងស្រោចទឹក Songkran លើដៃលោក ថាក់ស៊ីន នៅគេហដ្ឋាន Chan Song La របស់អតីតនាយករដ្ឋមន្ត្រី។

ការបង្ហោះនៅលើ X បាននាំឱ្យមានការរំពឹងទុកថា លោក សេដ្ឋា ថាវីស៊ីន បានទៅជួបលោក ថាក់ស៊ីន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក។ មុននេះ មានសេចក្តីរាយការណ៍ថា លោក ថាក់ស៊ីន បានស្នើឱ្យលោក សេដ្ឋា ថាវីស៊ីន នាំយកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង មកចូលរួមនៅក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃអង្គារនេះ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា លោកមិនដែលនិយាយថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននាពេលខាងមុខនោះទេ។ លោកថា “ដូចដែលខ្ញុំបាននិយាយ គ្មានអ្វីសោះ។ ខ្ញុំមិនដែលនិយាយថា នឹងរុះរើគណៈរដ្ឋមន្ត្រីទេ»។

លោកបន្តថា “អ្នកយកព័ត៌មាននិយាយដោយខ្លួនឯងថា ខ្ញុំនឹងរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃណាមួយ។ កុំនិយាយអំពីវាឥឡូវនេះ។ អ្នកនឹងដឹងថាវាកើតឡើងនៅពេលណា។ សូមកុំធ្វើឱ្យឈ្មោះដែលបានរៀបរាប់នោះមានការព្រួយបារម្ភ»។

លោកថា លោកបាននិយាយពីបញ្ហាទូទៅជាមួយលោក ថាក់ស៊ីន ប៉ុន្តែមិនបានពិភាក្សារឿងនយោបាយ នោះទេ ដោយលោកថា “ឧទាហរណ៍ ខ្ញុំបាននិយាយអំពីបញ្ហាតម្លៃពោត ការដុតព្រៃឈើ និងអនាម័យទីក្រុង។ ខ្ញុំក៏បាននិយាយអំពីប្រទេសមីយ៉ាន់ម៉ាជាមួយគាត់ដែរ»។

នៅពេលសួរថាតើលោកនឹងស្វែងរកការសម្រួលដល់សមាជិកខុទ្ទកាល័យដែលត្រូវបានគេរំពឹងថានឹងត្រូវដកចេញឬយ៉ាងណានោះ លោក សេដ្ឋា បានឆ្លើយថា៖ «អត់ទេ។ ខ្ញុំមិនបានសរសេររបាយការណ៍បែបនេះទេ ដូច្នេះខ្ញុំមិនចាំបាច់ព្យាយាមស្វែងយល់ជាមួយពួកគេទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top