ព័ត៌មានអន្តរជាតិ

ចំនួន​អ្នក​ស្លាប់ ​ជនជាតិ​ប៉ាឡេស្ទីន ​នៅ​តំបន់ហ្គាហ្សា ​កើន​ឡើងដល់ ៣៤,០៩៧​នាក់

Ximhua

ហ្គាហ្សា ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៤,០៩៧នាក់។

កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៨នាក់ និងរបួស ៧៩នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៤,០៩៧ នាក់ និងរបួសដល់ ៧៦,៩៨០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

លោក Mahmoud Basal អ្នកនាំពាក្យ សេវាការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសព ជាង ៥០នាក់ ពីកន្លែងផ្សេងៗក្នុងទីក្រុង Khan Younis ក្រោយពីកងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីទីក្រុង Khan Younis នៅថ្ងៃទី០៧ ខែមេសា រយៈពេល ៤ខែ បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការជើងគោក។

លោក Basal បានលើកឡើងថា សាកសពត្រូវបានកប់ជាសមូហភាព ដោយកងទ័ពអ៊ីស្រាអែល ដោយបន្ថែមថា ប្រតិបត្តិការស្វែងរកកំពុងដំណើរការ ខណៈដែលមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ។

អ្នកនាំពាក្យរូបនេះបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា “បានអនុវត្តការបាត់ខ្លួនរបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងលក្ខណៈជាប្រព័ន្ធ និងដោយចេតនា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top