ព័ត៌មានអន្តរជាតិ

អ្នកជំងឺមហារីក ជនជាតិឡាវម្នាក់ ឈ្នះឆ្នោតអាមេរិក ១,៣ពាន់លានដុល្លារ

បរទេស ៖ ម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ Powerball ១,៣ ពាន់លានដុល្លារក្នុងខែនេះគឺជាជនអន្តោប្រវេសន៍ មកពីប្រទេសឡាវ ដែលមានជំងឺមហារីក អស់រយៈពេល ៨ ឆ្នាំហើយបានទទួលការព្យាបាល ដោយគីមីចុងក្រោយ កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cheng “Charlie” Saephan អាយុ ៤៦ឆ្នាំ រស់នៅទីក្រុង Portland បានប្រាប់សន្និសីទសារព័ត៌មាន ដែលរៀបចំដោយ Oregon Lottery កាលពីថ្ងៃចន្ទថា គាត់និងប្រពន្ធអាយុ ៣៧ ឆ្នាំ Duanpen នឹងយកលុយពាក់កណ្តាល ហើយនៅសល់គឺឱ្យមិត្តម្នាក់ឈ្មោះ Laiza Chao អាយុ ៥៥ ឆ្នាំនៅជាយក្រុង Portland នៃ Milwaukie ។ Chao បានចូលលុយ១០០ដុល្លារ ដើម្បីទិញឆ្នោតមួយបាច់ជាមួយគ្នា។ ពួកគេនឹងទទួលប្រាក់បំណាច់ចំនួន ៤២២ លានដុល្លារបន្ទាប់ពីបង់ពន្ធ។

លោកបាននិយាយថា “ខ្ញុំនឹងអាចផ្គត់ផ្គង់គ្រួសារ និងសុខភាពរបស់ខ្ញុំ” ហើយថា គាត់នឹង “ស្វែងរកគ្រូពេទ្យដ៏ល្អសម្រាប់ខ្លួនខ្ញុំ” ។

Saephan ដែលមានកូនតូចពីរនាក់បាននិយាយថា ក្នុងនាមជាអ្នកជំងឺមហារីក គាត់បានបង្ហាញចម្ងល់ថា “តើខ្ញុំនឹងមានពេលវេលា ដើម្បីចំណាយប្រាក់ទាំងអស់នេះទេ? តើខ្ញុំនឹងរស់នៅបានយូរប៉ុណ្ណា?”

បន្ទាប់ពីពួកគេបានទិញឆ្នោតរួមនោះ Chao បានផ្ញើរូបថតសំបុត្រទៅ Saephan ហើយនិយាយថា “យើងជាមហាសេដ្ឋី” ។ គាត់និយាយថា វាជារឿងកំប្លែងមួយមុនការគូរពិត ប៉ុន្តែថ្ងៃបន្ទាប់គេឈ្នះ។

Saephan បាននិយាយថា គាត់កើត នៅប្រទេសឡាវ ហើយបានផ្លាស់ទៅប្រទេសថៃក្នុងឆ្នាំ ១៩៨៧ មុនពេលធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៤ ។ គាត់ពាក់អាវមានខ្សែឆៀង ក្នុងសន្និសីទសារព័ត៌មាន ដោយកំណត់អត្តសញ្ញាណខ្លួនឯងថា ជា Iu Mien ដែលជាជនជាតិអាស៊ីអាគ្នេយ៍ ដែលមានដើមកំណើតនៅភាគខាងត្បូង ប្រទេសចិន។ Iu Mein ជាច្រើនគឺជាកសិករចិញ្ចឹមជីវិត និងបានជួយកងកម្លាំងអាមេរិកកំឡុងសង្គ្រាមវៀតណាម។ បន្ទាប់ពីជម្លោះនេះ គ្រួសារ Iu Mien រាប់ពាន់គ្រួសារបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការសងសឹក ហើយទីបំផុតបានតាំងទីលំនៅ នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top