ព័ត៌មានអន្តរជាតិ

កំណើន​សេដ្ឋកិច្ច​ ​អ៊ុយក្រែន នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៣ភាគរយ ​ក្នុង​ឆ្នាំ២០២៤

Xinhua

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៣ភាគរយនៅឆ្នាំនេះពី ៥,៣ភាគរយនៅឆ្នាំ២០២៣។

ការខូចខាតយ៉ាងសំខាន់ ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល និងការខ្វះខាតអគ្គិសនីដែលរំពឹងទុកនឹងស្ថិតក្នុងចំណោមកត្តាសំខាន់ៗ ដែលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍ដោយធនាគារជាតិអ៊ុយក្រែន។

ការព្យាករណ៍បានឲ្យដឹងថា ទោះបីជាជម្លោះនឹងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនក៏ដោយ ការស្ទុះងើបឡើងវិញរបស់ប្រទេសនឹងបន្តដោយសារតែការសម្របខ្លួនខ្ពស់នៃអាជីវកម្ម និងគ្រួសាររបស់អ៊ុយក្រែន។

ប្រភពបានឲ្យដឹងថានៅឆ្នាំ២០២៥ និង២០២៦ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥,៣ភាគរយ និង ៤,5ភាគរយរៀងៗខ្លួន។

ការធ្វើឱ្យប្រសើរឡើងនៃអារម្មណ៍អ្នកប្រើប្រាស់ និងការវិនិយោគ ការត្រឡប់មកវិញបន្តិចម្តងៗនៃជនចំណាកស្រុក និងវឌ្ឍនភាពក្នុងកំណែទម្រង់សមាហរណកម្មអឺរ៉ុប នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចអ៊ុយក្រែន ក្នុងរយៈពេលពីរឆ្នាំខាងមុខ នេះបើយោងតាមការព្យាករណ៍៕
ប្រែសម្រួល ឈូក បូរ៉ា

To Top