ព័ត៌មានអន្តរជាតិ

បស្ចិមប្រទេស កំពុងធ្វើសង្រ្គាមប្រឆាំង នឹងទីក្រុងម៉ូស្គូ ដោយប្រើជនជាតិអ៊ុយក្រែន

ប្រភព ៖ AFP

ម៉ូស្គូៈ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ប្រទេសលោកខាងលិច កំពុងធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី នៅអ៊ុយក្រែន ជាមួយនឹងការ ប្រើប្រាស់អាវុធបរទេស។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានធ្វើទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងគៀវ ដែលមន្ត្រីរូបនេះបានឲ្យដឹងថា អ៊ុយក្រែន មានសិទ្ធិប្រើប្រាស់អាវុធ របស់អង់គ្លេស ដើម្បីវាយប្រហារលើគោលដៅនានាក្នុងទឹកដីរុស្ស៊ី។

លោកស្រី Zakharova បានលើកឡើងថា អ្នកនយោបាយលោកខាងលិច បានសារភាពជាសាធារណៈថា “លោកខាងលិច កំពុងធ្វើសង្រ្គាមបើកចំហរប្រឆាំងនឹងរុស្ស៊ី នៅក្នុងដៃរបស់អ៊ុយក្រែន” ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានឲ្យដឹងផងដែរកាលពីថ្ងៃសុក្រថា ពាក្យរបស់លោក Cameron គឺជាសេចក្តីថ្លែងការណ៍ដ៏ គ្រោះថ្នាក់បំផុតមួយផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “សេចក្តីថ្លែងការណ៍ទាំងនេះ គឺជាឧទាហរណ៍នៃការកើនឡើងដោយផ្ទាល់ នៃភាពតានតឹងជុំវិញជម្លោះអ៊ុយក្រែន ដែលអាចគំរាមកំហែង ដល់សន្តិសុខអឺរ៉ុប” លោកបានបន្ថែមថាទីក្រុងម៉ូស្គូ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវោហាសាស្ត្រ ដែលកើនឡើងនេះមកពីអ្នកតំណាងផ្លូវការ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top