ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាដោះស្រាយបញ្ហាប្រឈម ជាសកល ជាមួយអាមេរិកខាងត្បូង

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសន្យាថា នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេស នៅអាមេរិកខាងត្បូង ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល រួមទាំងការប្រែប្រួលអាកាសធាតុ វិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។

លោក គីស៊ីដា បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា នៅទីក្រុង Sao Paulo ស្តីពីគោលនយោបាយរបស់ប្រទេសជប៉ុន ចំពោះអាមេរិកឡាទីន និងតំបន់ការីប៊ីន ខណៈដែលទីក្រុងតូក្យូ ព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែ ស៊ីជម្រៅជាមួយប្រទេស ដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដែលត្រូវបានគេហៅថាជាសកលខាងត្បូង។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថាថា ជាមួយនឹងប្រទេសប្រេស៊ីលកាន់តំណែង ជាប្រធាននៃក្រុមសេដ្ឋកិច្ចចំនួន ២០ និងប្រទេសប៉េរូធ្វើជាប្រធាននៃ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ពិភពលោកខាងត្បូងគឺ “ស្ថិតនៅក្រោមការយកចិត្តទុក ដាក់របស់ពិភពលោក” នៅឆ្នាំនេះ។

កាលពីថ្ងៃសុក្រ លោក គីស៊ីដា បានជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Pena ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោក ដែលបាននាំលោកទៅកាន់ប្រទេសបារាំងផងដែរ។ វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកទៅកាន់អាមេរិកខាងត្បូង ចាប់តាំងពីលោកបានចូល កាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១ ។

លោកបានបន្ថែមថា ប្រទេសជប៉ុន បានសម្រេចចិត្តផ្តល់មូលនិធិដល់កម្មវិធីមួយ ដែលមានគោលបំណងថែរក្សាព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ដែលត្រូវបានគេមើលឃើញថាជា “សួតនៃផែនដី” ខណៈពេលដែលជួយដល់កោះការាបៀន ដែលងាយរងគ្រោះដោយសារការឡើងកំដៅផែនដី ដើម្បីត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយធម្មជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top