ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសយុទ្ធនាការដាក់សម្ពាធគាំទ្រអ៊ីស្រាអែលរបស់អាមេរិក ប្រឆាំងនឹង ICC

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការគំរាមកំហែងរបស់សមាជិកសភាអាមេរិកមួយក្រុមប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានបំណងរារាំងសាលា ក្តីពីការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។

លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលមានប្រតិកម្មទៅនឹងការព្រមានដោយសមាជិកសភាអាមេរិក ដែលគាំទ្រអ៊ីស្រាអែលថា ដីកាចាប់ខ្លួនណាមួយ សម្រាប់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងការសងសឹករបស់សហរដ្ឋអាមេរិក។

លោក Kanaani ក៏បានថ្កោលទោសការគំរាមកំហែងនាពេលថ្មីៗនេះដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ICC ដើម្បីដាក់ទណ្ឌកម្ម ប្រសិនបើតុលាការចាត់វិធានការបែបនេះ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា តាមរយៈ “ការដាក់សម្ពាធ” លើ ICC សមាជិកសភាអាមេរិកទាំងនេះបានស្វែងរកការផ្តល់អភ័យឯកសិទ្ធិដល់មន្ត្រីអ៊ីស្រាអែល និងមេបញ្ជាការយោធាសម្រាប់ “ឧក្រិដ្ឋកម្មសង្គ្រាម របស់ពួកគេប្រឆាំងនឹងប៉ាឡេស្ទីន ដែលជាទង្វើ គួរឱ្យអាម៉ាស់ និងគួរឱ្យព្រួយបារម្ភ” ។

លោកបានពណ៌នាការគំរាមកំហែងថាជា “ការជ្រៀតជ្រែកដ៏អាក្រក់ ដែលនឹងបង្កើតគំរូដ៏គ្រោះថ្នាក់ សម្រាប់ផ្ទុយពីគោលបំណង និងទស្សនវិជ្ជានៃការកាត់ទោស និងផ្តន្ទាទោសឧក្រិដ្ឋជនសង្គ្រាម” របស់ ICC ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top