ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ច និងវិនិយោគអាល្លឺម៉ង់ ប្រមាណ ៣០រូប បានបង្ហាញសុទិដ្ឋិនិយម ក្នុងការពង្រឹង និងពង្រីកបណ្តាញធុរកិច្ច និងស្វែងរកកាលានុវត្តភាព វិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា។

ដោយទទួលបានការអនុញ្ញាតពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ច និងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) និងលោកPeter Kompalla ប្រធានតំណាងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំវៀតណាម (AHK -German Chamber of Industry and Commerce)។

ប្រតិភូដែលអញ្ជើញមកនាពេលនេះ មានសកម្មភាពធុរកិច្ច និងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម និងមានបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរង បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូទាំងអស់ដែលបាន ចំណាយពេលវេលាមកសិក្សាស្វែងយល់ និងបានឃើញពីជវភាពនៃសង្គមសេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនេះ លោកបានធ្វើបទបង្ហាញចែករម្លែកព័ត៌មាន ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព, ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ៗ, និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការ ផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជ្រួតជ្រាបកាន់តែច្បាស់ ពីរចនាសម្ព័ន្ធដឹកនាំនិងតួនាទីដ៏មានសារៈសំខាន់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូធុរកិច្ចបានបង្ហាញចំណាប់អារម្មណ៍ ពាក់ព័ន្ធនឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។

មុននឹងបញ្ចប់ លោកអគ្គលេខាធិការរង បានជម្រាបជូនពីក្តីរំពឹងអំពីកំណើន នៃការវិនិយោគពីអាល្លឺម៉ង់ មកកម្ពុជាបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខ ហើយបានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះការអញ្ជើញមកដល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ និងបានជូនពរដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ឱ្យសម្រេចបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា៕

