ព័ត៌មានអន្តរជាតិ

Update៖ សពរបស់ប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានគេតម្កល់​ ទុកជាទីបូជាសក្ការៈ នៅស្រុកកំណើតរបស់គាត់ នៅភាគឦសានប្រទេស

Xinhua

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយថា លោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត រួមជាមួយនឹងក្រុមការងារ របស់គាត់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នាពេលថ្មីៗនេះ ត្រូវបានគេនាំយកមកដាក់តម្កល់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីសក្ការបូជាដ៏ពិសិដ្ឋ Imam Reza ក្នុងស្រុកកំណើតរបស់គាត់ ដែលជាទីក្រុងមួយស្ថិត នៅភាគឦសាននៃប្រទេស ។

សេចក្តីរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា សាកសពរបស់លោក Raisi រួមជាមួយនឹងសមាជិក២នាក់ នៃក្រុមដែលអមដំណើរ របស់គាត់ត្រូវបាននាំមកដល់អាកាសយានដ្ឋានអន្តរជាតិ Mashhad កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលចេញពីក្រុង Birjand រដ្ឋធានីនៃខេត្ត Khorasan ស្ថិតនៅភាគខាងកើតជាកន្លែង ដែលពិធីបុណ្យសពត្រូវបានប្រារព្ធឡើង សម្រាប់អតីតប្រធានាធិបតី និងដៃគូរបស់គាត់កាលពីមុន ។

យោងតាមទីភ្នាក់ងារ IRNA បានឲ្យដឹងថា ការរង់ចាំសាកសពនៅឯអាកាសយានដ្ឋាន គេឃើញមានមន្ត្រីអ៊ីរ៉ង់ជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ក៏ដូចជាមេបញ្ជាការយោធាកំពូល ដូចជា មេបញ្ជាការកងកំលាំង Quds នៃកងឆ្មាំបដិវត្តន៍ឥស្លាម Esmaeil Qaani ផងដែរ ។

លោក Mohammad-Reza Qalandar Sharif អភិបាលក្រុង Mashhad បានប្រាប់ដល់ទីភ្នាក់ងារ IRNA ថា យ៉ាងហោចណាស់ មនុស្ស៣លាននាក់មកពីក្រុង Mashhad និងទីក្រុងផ្សេងទៀត បានចូលរួមក្នុងពិធីបុណ្យសព ដែលបណ្តាល ឱ្យរថយន្តដែលដឹកសាកសពលោក Raisi និងដៃគូរបស់គាត់ឈប់មួយភ្លែតដែលមានរថយន្តជាច្រើនដងនៅលើផ្លូវ ហើយលើដងផ្លូវមានមនុស្សច្រើនកកកុញដែលនាំទៅកាន់ទីសក្ការៈ។

សាកសពរបស់បុគ្គល២នាក់ទៀត គឺអភិបាល East Azarbaijan លោក Malek Rahmati និងជាប្រធានក្រុមសន្តិសុខ របស់លោកប្រធានាធិបតី Mehdi Mousavi នឹងត្រូវបញ្ចុះនៅក្នុងខេត្ត East Azarbaijan និងតេហរ៉ង់ ដូចដែលបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករួចមកហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top