ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ជាពលរដ្ឋប៉ាឡេស្ទីន នៅហ្គាហ្សា កើនឡើងដល់ ៣៥,៩៨៤នាក់

xinhua

ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់ប៉ាឡេស្ទីនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៥,៩៨៤នាក់។

កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨១នាក់ និងរបួស ២២៣នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៥,៩៨៤នាក់ និងរបួសដល់ ៨០,៦៤៣នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួន នៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះក្រុមជួយសង្គ្រោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជំនួយ និង ការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម X ថា សង្រ្គាមនៅហ្គាហ្សានៅតែបន្តជាសង្រ្គាមលើជនស៊ីវិល ដោយកត់សម្គាល់ថា “ការស្លាប់ និងរបួសរបស់ជនស៊ីវិល ការផ្លាស់ទីលំនៅ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗនៅតែបន្ត។ ឥតឈប់ឈរ។”

ប្រភពពី UNRWA បានបន្ថែមថា “គ្មានកន្លែងណាមានសុវត្ថិភាពនៅក្នុងហ្គាហ្សានោះទេ យើងត្រូវការបទឈប់បាញ់ឥឡូវនេះ” ។

អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុក ​របស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top