ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស នៅមជ្ឈិមបូព៌ា និងស្ថាប័នអ៊ីស្លាមវថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន នៅទីក្រុងរ៉ាហ្វា

Afp

គែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅថ្ងៃចន្ទ នេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅនៅភាគពាយ័ព្យទីក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឱ្យស្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ និងរងរបួសជាច្រើននាក់។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅកាលពីល្ងាចថ្ងៃអាទិត្យ លើតង់នៅក្នុងជំរុំថ្មីមួយ សម្រាប់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុត ។ ប្រភពសន្តិសុខក្នុងតំបន់បានឲ្យដឹងថា តំបន់នេះត្រូវបានគេសន្មត់ថាមានសុវត្ថិភាព ដោយផ្អែកលើចំណាត់ថ្នាក់ដោយកងទ័ពអ៊ីស្រាអែល។

ប្រភពមួយនៅក្នុងចលនាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយ សម្រាប់បទឈប់បាញ់នៅហ្គាហ្សា ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសនោះទេ។

ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍ដោយពាក្យសម្តីខ្លាំងៗដោយថ្កោលទោសការវាយប្រហារនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលនឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។

ប្រទេសនេះក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រតិបត្តិការនេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលកំពុងបន្ត និងរារាំងវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា។

ក្រសួងបានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ការវាយប្រហារដោយយោធាលើទីក្រុងរ៉ាហ្វា ដោយជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីការពារអំពើឃោរឃៅបន្ថែមទៀត និងការពារជនស៊ីវិល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top