ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក របស់ប្រទេសចិន លោក Li Guoying បានគូសបញ្ជាក់អំពីវិធានការសំខាន់ៗ ដើម្បីបង្កើនភាពទាន់ពេលវេលា និងភាពត្រឹមត្រូវនៃការងារតាមដាន និងការព្យាករណ៍ទឹកជំនន់របស់ប្រទេស។
លោករដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសន្និសីទការងារមួយថា “អាទិភាពកំពូលពីរ គឺការកែលម្អការអនុវត្តឧបករណ៍ចាប់សញ្ញា និងតាមដានជលសាស្ត្រទំនើប និងការអភិវឌ្ឍគំរូគណិតវិទ្យាដើម្បី វិភាគទិន្នន័យដែលបានកត់ត្រា” ។
លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងគួរតែផ្តោត លើការបង្កើតយន្តការតាមដាន និងព្យាករណ៍ទឹកជំនន់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលផ្កាយរណបឧតុនិយម និងរ៉ាដា ទីតាំងវាស់ទឹកភ្លៀង និងស្ថានីយ៍ជលសាស្ត្រ។
លោកក៏បានសង្កត់ធ្ងន់លើតម្រូវការ បន្ទាន់ក្នុងការចេញការព្រមានជាមុន បង្កើតផែនការបន្ទាន់ និងបង្កើនការងារឆ្លើយតបគ្រាអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ក្រសួងបានសហការ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបង្កើតប្រព័ន្ធទំនើប សម្រាប់ការត្រួតពិនិត្យ និងការព្យាករណ៍ទឹកជំនន់ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៦ទសវត្សរ៍នៅក្នុងអាងទន្លេ Haihe ភាគខាងជើងប្រទេសចិន ក្នុងខែកក្កដា ឆ្នាំ២០២៣ ៕
ប្រែសម្រួល ឈូក បូរ៉ា