គែរ៖ អ្នកសម្របសម្រួល សេតវិមាន សម្រាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Brett McGurk បានជួបប្រជុំ ដាច់ដោយ ឡែកជាមួយរដ្ឋមន្ត្រី ការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការពារជាតិលោក Mohamed Zaki ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយនៃវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ លោក McGurk ជាមួយលោក Shoukry ពួកគេបានពិភាក្សាអំពីសំណើថ្មី របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមទាំងការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន និង ចំណាប់ខ្មាំងអ៊ីស្រាអែល ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹង ប្រែងសម្របសម្រួលរួមគ្នា ដែលធ្វើឡើងដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានស្នើឡើងនៅចុងខែឧសភា ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដែលបាននិងកំពុងបន្តក្នុងរយៈពេល ៨ខែកន្លងមកនេះ។
លោក Shoukry និងលោក McGurk បានសង្កត់ធ្ងន់លើសារៈសំខាន់ សម្រាប់ភាគីទាំងពីរក្នុងការឈាន ដល់កិច្ចព្រមព្រៀងមួយ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” និងចាត់វិធានការយ៉ាងធ្ងន់ធ្ងរ និងពិតប្រាកដ ដើម្បីធានាបាននូវបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាទាំងមូល។
សេចក្តីថ្លែងការណ៍របស់យោធា អេហ្ស៊ីបបានឲ្យដឹងថា កិច្ចប្រជុំរបស់លោក McGurk ជាមួយរដ្ឋមន្ត្រីការពារជាតិ អេហ្ស៊ីបបានប៉ះលើ “ការវិវឌ្ឍន៍ក្នុងតំបន់នាពេលបច្ចុប្បន្ន ទាក់ទងនឹងការបន្តប្រតិបត្តិការ យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងផលវិបាកផ្នែកមនុស្សធម៌ ដ៏លំបាកបំផុតរបស់ពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា