បរទេស៖ ប្រទេសអាល្លឺម៉ង់ បានប្រើប្រាស់កម្លាំងប៉ូលិសធំជាងគេក្នុងប្រវត្តិសាស្ត្រ ដោយបានសម្របសម្រួលជាមួយប៉ូលិសអន្តរជាតិ និងដាក់ពង្រាយវិធានការសន្តិសុខជាច្រើនក្នុងអំឡុងពេល Euro 2024។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលមួយខែនៃ Euro 2024 , អាល្លឺម៉ង់ត្រូវបានរំពឹងថានឹងស្វាគមន៍អ្នកគាំទ្របាល់ទាត់ជិត ១៥ លាននាក់ទៅកាន់កីឡដ្ឋានចំនួន ១០ និងទីតាំងជាបន្តបន្ទាប់ទូទាំងប្រទេស។
ដើម្បីធានាសន្តិសុខ ប្រទេសម្ចាស់ផ្ទះបានដាក់ពង្រាយប៉ូលីសប្រហែល ២២.០០០ នាក់ដែលបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ដោយមិនមានការឈប់សម្រាករហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ។ នេះជាការដាក់ពង្រាយធំបំផុតចាប់តាំងពីកម្លាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១។
ប៉ូលីសអាល្លឺម៉ង់ក៏នឹងសម្របសម្រួលជាមួយអ្នកស្ម័គ្រចិត្តចំនួន ១៦.០០០ នាក់ និងកម្លាំងប៉ូលីសអន្តរជាតិចំនួន ៣៥០ នាក់មកពី Europol អង់គ្លេស បារាំង អេស្ប៉ាញ និង តួកគី ។
អ្នកជំនាញផ្នែកសន្តិសុខចំនួន ៦០០ នាក់នឹងធ្វើការនៅមជ្ឈមណ្ឌលសហប្រតិបត្តិការប៉ូលីសអន្តរជាតិថ្មី (IPCC) នៅទីក្រុង Neuss ភាគនិរតីនៃប្រទេសអាល្លឺម៉ង់ នៅខាងក្នុងមជ្ឈមណ្ឌលមានអេក្រង់កុំព្យូទ័រចំនួន១២៩ ។ ប្រែសម្រួលៈ ណៃ តុលា