បរទេស៖ អ្នកគាំទ្រនៃចលនាអាវក្រហមនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមកប្រមូលផ្តុំគ្នានៅតុលាការ ឧក្រិដ្ឋកម្មនៅព្រឹកថ្ងៃអង្គារ ក្នុងការបង្ហាញការគាំទ្រ ដល់អតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលគ្រោងនឹងស្តាប់ការសម្រេចរបស់ ការិយាល័យអគ្គព្រះរាជអាជ្ញាលើ សំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោក។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ផែនការនេះត្រូវបានប្រកាស បើទោះជាមានរបាយការណ៍ដែលអះអាងថា លោកថាក់ស៊ីន នឹងមិនមានវត្តមាននៅតុលាការនៅថ្ងៃអង្គារ ខណៈដែលលោកត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យម្តងទៀតក៏ដោយ។
មេដឹកនាំនៃចលនាអាវក្រហម លោក Worachai Hema ដែលជាអតីតសមាជិកសភាបក្សភឿថៃប្រចាំខេត្ត Samut Prakan បានហៅសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោកថាក់ស៊ីនថាជា “មិនយុត្តិធម៌” ព្រោះវាជាលទ្ធផលនៃរដ្ឋប្រហារដែល ដឹកនាំដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលលែងដំណើរការ។
លោក Worachai បាននិយាយថា អ្នកគាំទ្រអាវក្រហមនឹងប្រមូលផ្តុំគ្នា នៅតុលាការឧក្រិដ្ឋកម្មនៅផ្លូវ Ratchadaphisek ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃអង្គារ ដើម្បីបង្ហាញពីការគោរព និងគាំទ្រចំពោះលោកថាក់ស៊ីន។ លោកថា ពួកគេក៏នឹងអំពាវនាវឱ្យករណីដែលប្តឹងដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ត្រូវទម្លាក់ចោលផងដែរ ដោយសារអំណាចរបស់ NCPO មិនបានមកពីដំណើរការ ប្រជាធិបតេយ្យនោះឡើយ។
ដូចដែលផែនការនេះត្រូវបានប្រកាស មេដឹកនាំគណបក្ស Thai Pakdee លោក Warong Dechgitvigrom បានព្យាករណ៍ថា លោកថាក់ស៊ីន នឹងមិនបង្ហាញខ្លួននៅតុលាការ នៅថ្ងៃអង្គារនេះទេ ខណៈដែលលោកត្រូវបានប្រាប់ ដោយប្រភពគួរឱ្យទុកចិត្តថា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
បណ្ឌិត Warong បាននិយាយថា លោកមិនដឹងថា លោកថាក់ស៊ីន នឹងស្នាក់នៅក្នុងមន្ទីរពេទ្យ រយៈពេលប៉ុន្មាននោះទេ ប៉ុន្តែលោកជឿថា ការអនុញ្ញាតចូលមន្ទីរពេទ្យគឺជាប់ទាក់ទង នឹងការណាត់ជួបរបស់លោកជាមួយ ការិយាល័យអគ្គព្រះរាជអាជ្ញា។
បណ្ឌិត Warong បន្តថា “លើកចុងក្រោយនៅថ្ងៃទី២៩ ឧសភា គាត់មិនបានបង្ហាញខ្លួនទេ។ លើកនេះអគ្គព្រះរាជអាជ្ញា បានណាត់ជួបលោកនៅថ្ងៃទី ១៨ ខែមិថុនា ប៉ុន្តែប្រភពរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ទើបតែចូលសម្រាកនៅមន្ទីរពេទ្យ។ មានន័យថាគាត់ព្យាយាមពន្យាពេលវេលា” ៕
ប្រែសម្រួលៈ ណៃ តុលា