បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មការអឺរ៉ុប បានបង្កើតក្រុមឃ្លាំមើលពិសេសមួយ ដើម្បីទប់ស្កាត់ការកេងបន្លំ ប្រាក់រាប់ពាន់លានដុល្លារ ដែលបានបែងចែក ទៅឱ្យទីក្រុងគៀវ ជាផ្នែកនៃផែនការដ៏សំខាន់ របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។
កាលពីថ្ងៃចន្ទម្សិលមិញនេះសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការបង្កើតក្រុមប្រឹក្សាសវនកម្មដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុសែល ជាមួយនឹងអាណត្តិដើម្បីការពារការក្លែងបន្លំ អំពើពុករលួយ ជម្លោះផលប្រយោជន៍ និងភាពមិនប្រក្រតី នៅក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែនដោយប្លុកនេះ។
ស្ថាប័នដែលនឹងមានសកម្មរហូត ដល់ពាក់កណ្តាលឆ្នាំ ២០២៨ នឹងផ្តល់របាយការណ៍ទៀងទាត់ ដល់គណៈកម្មការសហភាពអឺរ៉ុប និងទំនាក់ទំនងរាល់កង្វល់នានាទៅលើបញ្ហាជំនួយនិងសកម្មភាពពុករលួយទាំងឡាយ។
រំលឹកដែរថាកាលពីខែកុម្ភៈ សមាជិកសហភាពអឺរ៉ុបបានយល់ព្រមផ្តល់ជំនួយដល់ទីក្រុងគៀវរហូតដល់ ៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥៤ ពាន់លានដុល្លារ ក្នុងការផ្តល់មូល និធិពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៧ ដែលជាផ្នែកនៃយន្តការ ដែលគេស្គាល់ថាជា Ukrain Facility។
ប្រាក់នេះនឹងជួយផ្តល់ ហិរញ្ញប្បទាន ដល់ទំនើបកម្ម និងការកសាងឡើងវិញ របស់អ៊ុយក្រែន ក៏ដូចជាការផ្តល់ សេវាសាធារណៈ ដែលមិនមានការ រំខានដល់ប្រជាជន និងអនុវត្តកំណែទម្រង់ ជាច្រើនដែលតម្រូវឱ្យ ចូលរួមជាមួយសហភាពអឺរ៉ុបជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី