បរទេស ៖ ទីក្រុងមូស្គូបានបរិហារសេចក្តី សម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក្នុងការចេញដីកា ចាប់ខ្លួនមន្ត្រីការពារជាតិ កំពូលពីររូប របស់រុស្ស៊ី ដោយចាត់ទុកស្ថាប័ននេះ គ្រាន់តែជាឧបករណ៍ នៃកិច្ចខិតខំប្រឹងប្រែង “សង្រ្គាមកូនកាត់” របស់បស្ចិមប្រទេសតែប៉ុណ្ណោះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការ ICC កាលពីថ្ងៃអង្គារ បានចេញដីកាចាប់ខ្លួនអតីត រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergey Shoigu និងប្រធានអគ្គសេនាធិការបច្ចុប្បន្នលោក Valery Gerasimov ដោយចោទប្រកាន់អ្នកទាំងពីរពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មអន្តរជាតិ” ក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន ។
ក្រុមប្រឹក្សាសន្តិសុខរបស់ រុស្ស៊ី បានបរិហារចំណាត់ការ របស់តុលាការថាជា “មោឃៈ” ដោយចង្អុលបង្ហាញថា យុត្តាធិការរបស់តុលាការនេះ គឺមិនលាតសន្ធឹងដល់ប្រទេសរុស្ស៊ីទេ ។
ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានឱ្យដឹងថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះនៃ ICC ប្រឆាំងនឹងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu គឺជាមោឃៈ ។ នេះគឺវាទទេស្អាតចាប់តាំងពីយុត្តាធិការ របស់ ICC មិនលាតសន្ធឹងដល់ប្រទេសរុស្ស៊ី ហើយ [ការសម្រេចចិត្ត] ត្រូវបានធ្វើឡើងជាផ្នែក នៃសង្រ្គាមកូនកាត់របស់លោកខាងលិច ប្រឆាំងនឹងប្រទេសរបស់យើង»។
មន្ត្រីយោធាកំពូលទាំងពីរត្រូវបានចោទប្រកាន់ដោយ ICC ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មអន្តរជាតិ” ពោលគឺ “ការវាយប្រហារដោយផ្ទាល់ទៅលើវត្ថុស៊ីវិល” ក៏ដូចជា “បង្កគ្រោះថ្នាក់ហួសហេតុដល់ជនស៊ីវិល”។ ការចោទប្រកាន់នេះកើតចេញ ពីយុទ្ធនាការ វាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជាការដំឡើងយុទ្ធសាស្ត្រពីរ ជាជាងគ្រឿង បរិក្ខារស៊ីវិលសុទ្ធសាធ៕
ប្រែសម្រួលៈ ណៃ តុលា