អ.ស.ប ៖ មន្ត្រីមួយរូបនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានព្រមាន នៅឯក្រុមប្រឹក្សាសន្តិសុខ អំពីវិបត្តិកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ។
នៅក្នុងអំឡុងពេលសន្និសីទក្រុមប្រឹក្សាសន្តិសុខ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក Tor Wennesland បានពណ៌នាអំពីវិបត្តិមនុស្សធម៌ “មហន្តរាយ និងគួរឱ្យរន្ធត់” នៅតំបន់ហ្គាហ្សា ជាកន្លែង ដែលជនស៊ីវិល ទទួលរងនូវឥទ្ធិពលនៃអរិភាព និងការបែកបាក់ដល់ សណ្តាប់ធ្នាប់ស៊ីវិល ។
លោកបានក្រើនរំលឹកនូវការព្រមាន របស់អគ្គលេខាធិកាថា ការកើនឡើងបន្ថែមទៀត “នឹងធានាបានតែការរងទុក្ខកាន់ តែច្រើនឡើង និងផលវិបាកដែលអាចកើតមានសម្រាប់តំបន់” ។
លោក Wennesland បានថ្កោលទោស ការពង្រីកការតាំង ទីលំនៅរបស់អ៊ីស្រាអ៊ែល ដែលកំពុង និងបានថ្លែងបន្តថា មិនមាន “សុពលភាពផ្លូវច្បាប់” និង កំពុងស្ថិតក្នុង “ការរំលោភច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ” ។
លោក Wennesland បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំជំរុញឲ្យរដ្ឋាភិបាល អ៊ីស្រាអ៊ែល បញ្ឈប់រាល់សកម្មភាព តាំងទីលំនៅជាបន្ទាន់” ។
មន្ត្រីអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសផងដែរ ចំពោះការប្រើប្រាស់អាវុធជាតិផ្ទុះ នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅ ដែលបានបំផ្លាញសង្កាត់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងមន្ទីរពេទ្យ និងបរិវេណអង្គការសហប្រជាជាតិ ដែលនៅទីនោះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា