ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ប្តឹងមេបក្ស Thai Pakdee ទារសំណង ១០០លានបាត

Bangkok Post

បរទេស៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ បានប្តឹងមេដឹកនាំគណបក្ស Thai Pakdee លោក Warong Dechgitvigrom ទាមទារប្រាក់ ចំនួន ១០០លានបាត ចំពោះការនិយាយ បង្ខូចកេរ្តិ៍ឈ្មោះ ដែលភ្ជាប់អតីតនាយករដ្ឋមន្ត្រី ទៅនឹងការសូកប៉ាន់ចំនួន ២ ពាន់លានបាត។ លោក Winyat Chartmontree ដែលជាមេធាវីរបស់លោក ថាក់ស៊ីន បានដាក់ពាក្យបណ្តឹង កាលពីម្សិលមិញ (២៧មិថុនា)។

យោងតាមសារព័៍ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រឿងនេះបានកើតឡើង បន្ទាប់ពីលោកបណ្ឌិត Warong បង្ហោះនៅលើ Facebook និង TikTok និងថ្លែងសុន្ទរកថានៅស្ពាន Chamai Maruchet ក្បែរវិមានរដ្ឋាភិបាល ដោយបង្កប់ន័យថា ថាក់ស៊ីន ពាក់ព័ន្ធនឹងសំណូក។

បើទោះជាលោកបណ្ឌិត Warong មិនបាននិយាយពីឈ្មោះថាក់ស៊ីនក៏ដោយ ក៏ប្រធានបទ នៃការចង្អុលដៃគឺច្បាស់ណាស់ នេះបើយោងតាមលោក Winyat ។

លោកវេជ្ជបណ្ឌិត Warong បានបង្ហោះនៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១២ ខែមិថុនាថា ប្រាក់ចំនួន ២ ពាន់លានបាតត្រូវបានចំណាយ ដោយម្ចាស់កាស៊ីណូក្នុងទីក្រុងហុងកុង ដើម្បីទទួលបានការដោះលែង ឱ្យនៅក្រៅឃុំនូវឥស្សរជននយោបាយ ដ៏លេចធ្លោម្នាក់ដែលត្រូវបាន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

លោកបណ្ឌិត Warong បានចោទប្រកាន់ថា កាលពីខែឧសភា មន្ត្រីយុត្តិធម៌ជាន់ខ្ពស់បានធ្វើដំណើរទៅទីក្រុងហុងកុង ជាផ្នែកមួយ នៃក្រុមរៀបចំការទទួលសំណូក ។ លោកបានបន្ថែមថា ម្ចាស់កាស៊ីណូបានយល់ព្រម បង់ប្រាក់សំណូក ជាថ្នូរនឹងសិទ្ធិ បើកកាស៊ីណូនៅប្រទេសថៃ ប្រសិនបើល្បែងស៊ីសងស្របច្បាប់នៅទីនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top