អ៊ីស្តង់ប៊ុល៖ មានករណីផ្ទុះឧស្ម័នធម្មជាតិមួយនៅក្នុងខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេស តួកគី កាលពីថ្ងៃអាទិត្យ ដោយបានបណ្តាលស្លាប់មនុស្សចំនួន៥នាក់ និងយ៉ាងហោចណាស់មនុស្សចំនួន ៦០នាក់ផ្សេងទៀតបានរងរបួស ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ការផ្ទុះបានកើតឡើងនៅម៉ោង ២និង៤៣នាទីរសៀល ។ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៤៣នាទីម៉ោងសកលនៅឯទីតាំងអាជីវកម្មមួយកន្លែងនៅជាន់ផ្ទាល់ដីនៃអគារមួយនៅក្នុងស្រុក Torbali ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT បានឲ្យដឹងថា យ៉ាងហោចណាស់អ្នករបួសចំនួ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Suleyman Elban អភិបាលក្រុង Izmir បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ TRT ថា ការផ្ទុះនេះបានបំផ្លាញអគារអស់ចំនួន១១ខ្នងនៅក្នុងតំបន់ជុំវិញនោះ ។
លោក Elban បានបញ្ជាក់ថា “ជាវិធានការប្រុងប្រយ័ត្ន ការផ្គត់ផ្គង់ឧស្ម័នត្រូវបានកាត់ផ្តាច់ ហើយនៅក្នុងតំបន់កំពុងត្រូវបានជម្លៀសពលរដ្ឋចេញ ។ កងកម្លាំងសន្តិសុខរបស់យើងបានចាត់វិធានការដែលចាំបាច់”។
លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនៅលើបណ្តាញសង្គម X ដែលពីមុនជា បណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងហេតុការណ៍ផ្ទុះនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាធារណៈចំនួន២រូប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា