ព័ត៌មានអន្តរជាតិ

ដួលរលំអគារមួយកន្លែង នៅភាគខាងត្បូងអេហ្ស៊ីប បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ១៤នាក់

Xinhua

គែរ៖ សេចក្តីថ្លែងការណ៍មួយចេញ ដោយអាជ្ញាធរក្នុងស្រុកកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារ ដួលរលំអគារ ៣ជាន់មួយកន្លែងនៅខេត្ត Assiut ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ហើយ ទន្ទឹមនឹងនេះដែរ អ្នកស្រុកផ្សេងទៀតចំនួន ៦នាក់បានរងរបួស ។

សេចក្តីប្រកាសព័ត៌មានចេញដោយ ការិយាល័យផ្សព្វផ្សាយក្នុងស្រុកនៃខេត្ត Assiut បានឲ្យដឹងថា អគារដែលបានដួលរលំនៅក្នុងស្រុក Assiut ខាងកើត កាលពីថ្ងៃចន្ទ ហើយក្រុមជួយសង្គ្រោះបានធ្វើការរុករក អ្នកដែលនៅរស់រានមានជីវិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

លោក Essam Saad អភិបាលក្រុង Assiut បានមកដល់កន្លែងកើតហេតុ និងបានបញ្ជាឲ្យសម្របសម្រួល ជាមួយអាជ្ញាធរដើម្បីធានាបាននូវ ជំនួយការហិរញ្ញវត្ថុផ្តល់ដល់ ក្រុមគ្រួសារជនរងគ្រោះទាំងនេះ និងឧបត្ថម្ភអ្វីៗដែលចាំបាច់សម្រាប់អ្នករងរបួស ។

សេចក្តីប្រកាសព័ត៌មានបានដាក់ថា លោកអភិបាល ក៏បានស្នើដល់គណៈកម្មការ ឲ្យមានការកែទម្រង់ក្រុមវិស្វករ ដើម្បីត្រួតពិនិត្យអគារដែលដួលរលំ និងនៅបរិវេណនៃអគារនោះដោយ ស្វែងរកមូលហេតុនៃការដួលរលំ និងធ្វើការវាយតម្លៃរាល់កិច្ចការដែលចាំបាច់ ដើម្បីធានាដល់សុត្ថិភាពផ្ទះ ជាច្រើនខ្នងដែលនៅជិតនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top