នៅយប់ថ្ងៃទី ៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី មុនពេលចូលរួមកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការ សៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និង រុស្ស៊ីគួរតែបន្តពង្រឹងការតភ្ជាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការសម្របសម្រួល និងសហការផ្នែកយុទ្ធសាស្ត្រ អន្តរជាតិ ។ ប្រទេសចិនគាំទ្ររុស្ស៊ី ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាប្រធានផ្លាស់វេននៃប្រទេស BRICS រួមសាមគ្គីជាមួយប្រទេស “សកលខាងត្បូង ” ទប់ស្កាត់ “សង្គ្រាមត្រជាក់ថ្មី” និងប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដោយឯកតោភាគីនិងខុសច្បាប់ និងសកម្មភាពអនុត្តរភាពនិយម ។
លោក Putin បានថ្លែងអំណរគុណ ចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើពិធីបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកនៅប្រទេសចិន កាលពីខែឧសភាឆ្នាំ២០២៤កន្លងទៅនេះ ។ លោកបន្តថា បច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ី-ចិន កំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ។ រុស្ស៊ីគាំទ្រចិនក្នុងការគាំពារផលប្រយោជន៍ស្នូល និងសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន ព្រមទាំងប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបញ្ហាសមុទ្រចិនខាងត្បូងរបស់ចិន ។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាង នៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់នូវការជំរុញ និងសម្រុះសម្រួលយ៉ាង សកម្មដើម្បីឱ្យភាគី ពាក់ព័ន្ធពិភាក្សាគ្នា ដោយសន្តិវិធី ហើយមានឆន្ទៈបន្តធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាក្តៅ ក្នុងតំបន់តាមវិធីនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ៕