បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រទេសន័រវេស ដែលជាសមាជិករបស់អង្គការណាតូ បានសន្យាផ្តល់ អំណោយយន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងដល់ប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store បានប្រាប់មេដឹកនាំនៃប្រទេសជាសមាជិកណាតូដែលបានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលលើកទី ៧៥ របស់ប្លុកយោធានេះថា ការចែកចាយយន្តហោះនេះនឹងចាប់ផ្តើមភ្លាមៗនៅឆ្នាំនេះ។
កាលពីខែសីហាឆ្នាំមុន ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ទីក្រុងគៀវ លោក Jonas Gahr Store បានប្រកាសថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំង F-16 របស់ប្រទេសន័រវេស ទោះបីជាលោកមិនបានផ្តល់ព័ត៌មាន លម្អិតអំពីចំនួនយន្តហោះ ឬពេលវេលានៃការចែកចាយ របស់យន្តហោះនោះក៏ដោយ។
សហរដ្ឋអាមេរិក បែលហ្ស៊ិក ដាណឺម៉ាក ន័រវែស និង ប្រទេសហូឡង់ បានសន្យាផ្តល់ឲ្យយោធាអ៊ុយក្រែន នូវយន្តហោះចម្បាំង F-16 ចំនួន ៦០គ្រឿង នៅចុងឆ្នាំបច្ចុប្បន្ន។ សមាជិកមួយចំនួន នៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ ក៏បានប្តេជ្ញាផ្តល់ការបណ្តុះបណ្តាល ដល់អាកាសយានិកអ៊ុយក្រែនផងដែរ ។
កាលពីខែមុន ទីប្រឹក្សាជាន់ខ្ពស់បំផុត របស់លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន គឺ លោក Mikhail Podoliak បាននិយាយថា អ៊ុយក្រែនត្រូវការយន្តហោះចម្បាំង លោកខាងលិចយ៉ាងតិច ៦០គ្រឿង ដើម្បីទប់ទល់នឹងរុស្ស៊ី។ ក្រុមមន្ត្រីនៅទីក្រុងគៀវ សង្ឃឹមថា យន្តហោះទំនើបៗ អាចជួយទប់ទល់នឹងឧត្តមភាពដែន អាកាសដ៏លើសលប់របស់រុស្ស៊ី នៅទូទាំងផ្នែកខាងមុខ៕
ប្រែសម្រួលៈ ណៃ តុលា