ព័ត៌មានអន្តរជាតិ

ប្រទេសកាណាដា នឹងឈានដល់ការសន្យា វិនិយោគការពារជាតិ របស់ណាតូ ២ភាគរយនៃ GDP នៅឆ្នាំ២០៣២

Xinhua

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសនេះរំពឹងថា នឹងឈានដល់គោលដៅ ចំណាយ ២ភាគរយនៃ GDP របស់អង្គការណាតូ នៅឆ្នាំ២០៣២ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ដោយបញ្ចប់ការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី រដ្ឋធានីសហរដ្ឋអាមេរិក លោក Trudeau បានឲ្យដឹងថា ប្រទេសកាណាដា ក៏បានប្តេជ្ញាចិត្ត ចំពោះវដ្តនៃការពិនិត្យឡើងវិញ ជាទៀងទាត់នៃគោលនយោបាយការពារជាតិរបស់ខ្លួន រួមទាំងការធ្វើបច្ចុប្បន្នភាព គោលនយោបាយការពារជាតិថ្មីនៅឆ្នាំ២០២៨ ។

លោក Trudeau បានលើកឡើងថា “តាមរយៈដំណើរ ការនោះ យើងនឹងបន្តស្វែងរកឱកាស ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិ ក្នុងលក្ខណៈដែលការពារប្រទេសកាណាដា និងជំរុញផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់យើង” ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហានដំបូងឆ្ពោះទៅរកការទិញនាវាមុជទឹក ដែលមានសមត្ថភាព ក្រោមទឹកកករហូតដល់ ១២គ្រឿង ។

លោក Trudeau បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ជាមួយនឹងឆ្នេរសមុទ្រ វែងបំផុតក្នុងពិភពលោក សមត្ថភាពឃ្លាំមើលក្រោមទឹក មានសារៈសំខាន់ណាស់ ចំពោះសន្តិសុខជាតិ របស់ប្រទេសកាណាដា” ។

កាណាដាក៏បានចុះហត្ថលេខាលើលិខិតបំណងត្រីភាគីជាមួយអាល្លឺម៉ង់ និងន័រវេស ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការសន្តិសុខដែន សមុទ្រនៅអាត្លង់ទិកខាងជើង ដើម្បីគាំទ្រដល់ការរារាំង និងការពាររបស់ណាតូ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top