បរទេស៖ INS Brahmaputra ដែលជានាវាចម្បាំងពហុមុខងាររបស់កងទ័ពជើងទឹកឥណ្ឌាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆាបឆេះពេលកំពុងធ្វើការថែទាំនៅឯកំពង់ផែមួយក្នុងទីក្រុងបុមបៃ។ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា នាវិកវ័យក្មេងម្នាក់ ដែលជាផ្នែកមួយនៃនាវិកលើនាវា បានបាត់ខ្លួនបន្ទាប់ពីឧប្បត្តិហេតុ ហើយបេសកកម្មស្វែងរក និងជួយសង្គ្រោះត្រូវបានផ្តួចផ្តើមឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាចម្បាំងមួយគ្រឿងនោះ បានឆេះកាលពីថ្ងៃអាទិត្យ។ កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មួយថ្ងៃក្រោយមកនាវាត្រូវបានគ្រប់គ្រងដោយក្រុមនាវិក ដោយមានជំនួយពីអ្នកពន្លត់អគ្គីភ័យពីកន្លែងចត និងកប៉ាល់ផ្សេងទៀតនៅក្នុងកំពង់ផែ។ ទោះជាយ៉ាងណា នាវានោះបានក្រឡាប់ ហើយមិនអាចបញ្ឈរឡើងវិញបានឡើយ។
កងទ័ពជើងទឹកបាននិយាយដោយបន្ថែមថា “នាវាចម្បាំងនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកម្ខាង ហើយទោះបីជាមានការខិតខំប្រឹងប្រែងទាំងអស់ក៏ដោយ ក៏នាវាមិនអាចត្រូវបានគេនាំទៅកាន់ទីតាំងត្រឹមត្រូវ ឬបញ្ឈរឱ្យត្រង់ដូចដើម បាននោះដែរ” ។ កងទ័ពជើងទឹក ក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតលើបញ្ហាឆេះនេះផងដែរ។
សាងសង់ដោយក្រុមហ៊ុន Garden Reach Shipbuilders and Engineers Limited ដែលជាកម្មសិទ្ធិរបស់រដ្ឋ នាវាចម្បាំង INS Brahmaputra នេះ ត្រូវបានបញ្ចូលទៅក្នុងកងនាវាចរឥណ្ឌាក្នុងខែមេសា ឆ្នាំ ២០០០។ វាគឺជានាវាចម្បាំងមួយគ្រឿង ក្នុងចំណោមនាវាចម្បាំង៣គ្រឿង ដែលផ្ទុកកាំជ្រួចមីស៊ីលដឹកនាំ Brahmaputra-class របស់កងកម្លាំងទ័ពជើងទឹកដែលត្រូវបានរចនា និងសាងសង់នៅក្នុងប្រទេសឥណ្ឌា។ នាវាចម្បាំងនេះត្រូវបានបំពាក់ដោយកាំជ្រួចរយៈចម្ងាយមធ្យម ចម្ងាយជិត និងកាំភ្លើងប្រឆាំងយន្តហោះ កាំជ្រួចពីដីទៅដី និងពីដីទៅអាកាស និងឧបករណ៍បាញ់នាវា ហើយត្រូវបានគ្រប់គ្រងដោយក្រុមនាវិកចំនួន ៤០ នាក់ និងមាននាវិក៣៣០នាក់ នៅលើនាវា៕
ប្រែសម្រួលៈ ណៃ តុលា