គែរ៖ សម្ព័ន្ធអារ៉ាប់ បានស្វាគមន៍សេចក្តីប្រកាសក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ សម្រាប់ប៉ាឡេស្ទីន លោក Saeed Abu Ali បានកោតសរសើរ ចំពោះជំហរប្រវត្តិសាស្ត្ររបស់ចិន ក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីន ដែលបង្ហាញពីភាពស៊ីជម្រៅ និងកម្លាំងនៃទំនាក់ទំនងរវាងប្រទេសអារ៉ាប់ និងចិន។
លោកបានឲ្យដឹងថា សម្ព័ន្ធអារ៉ាប់ បានសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំចិន និងបន្តការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។
លោក Abu Ali ក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការពង្រឹងការតស៊ូដោយយុត្តិធម៌ និងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន សម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពនៅលើព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ស្របតាមការសម្រេចចិត្តពាក់ព័ន្ធ នៃភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។
តបតាមការអញ្ជើញរបស់ភាគីចិន តំណាងជាន់ខ្ពស់នៃបក្សពួកប៉ាឡេស្ទីនចំនួន ១៤រូប បានបើកកិច្ចសន្ទនាផ្សះផ្សានៅទីក្រុងប៉េកាំង ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ហើយបានចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា