ព័ត៌មានអន្តរជាតិ

លោកស្រី ហារីស ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីទទួលបានការតែងតាំងជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ

វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មាធិការជាតិ ប្រជាធិបតេយ្យ (DNC) លោក Jaime Harrison បានថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហាតីស បានឈ្នះការបោះឆ្នោតប្រតិភូគ្រប់គ្រាន់ ដើម្បីទទួលបានការតែងតាំងជាប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។

ដំណើរការបោះឆ្នោត សម្រាប់ប្រតិភូនៅថ្ងៃចន្ទ ហើយ DNC ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនូវលទ្ធផលនៅល្ងាចថ្ងៃចន្ទ ដោយសន្និបាតជាតិប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅថ្ងៃទី១៩-២២ ខែសីហា នឹងតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សជាផ្លូវការ។

ដំណើរការបោះឆ្នោតនិម្មិត សម្រាប់ប្រតិភូប្រមាណ ៤,៧០០សំឡេង បានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍។  មួយថ្ងៃកន្លះក្នុងការបោះឆ្នោត យុទ្ធនាការរបស់លោកស្រី បានរាយការណ៍ថាលោកស្រីទទួលបានច្រើនជាង ២,៣៥០ សំឡេងដែលត្រូវការដើម្បីធានាដល់ការតែងតាំង។

លោកស្រី ដែលមានអាយុ ៥៩ឆ្នាំនឹងក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងគេ និងជាជនជាតិអាមេរិកឥណ្ឌាដំបូងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលទទួលបានការតែងតាំងជាប្រធានាធិបតីរបស់គណបក្សដ៏ធំមួយ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា លោកស្រី ត្រូវបានគេរំពឹងថា នឹងបង្ហាញមិត្តរួមការងាររបស់លោកស្រីនៅថ្ងៃចន្ទ ហើយនឹងរៀបចំការជួបជុំលើកដំបូងរបស់ពួកគេជាមួយគ្នានៅទីក្រុង Philadelphia នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top