ហ្គាហ្សា៖ គណៈប្រតិភូសន្តិសុខអ៊ីស្រាអែលមួយក្រុម បានទៅដល់ទីក្រុងគែរកាលពីថ្ងៃសៅរ៍ ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមប្រភពពីប្រទេសអេហ្ស៊ីប ដែលមានព័ត៌មានបានប្រាប់ស៊ីនហួ។
ប្រភពបានឲ្យដឹងថា គណៈប្រតិភូអ៊ីស្រាអែល ដែលរួមមានប្រធានទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) និងសេវាស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad បានទៅដល់ទីក្រុងគែររួចហើយ ហើយបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយភាគីអេហ្ស៊ីបផងដែរ។
យោងតាមប្រភព កិច្ចពិភាក្សាផ្តោតលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ស្ថានភាពនៅច្រករបៀង Philadelphia រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា និងការបិទច្រកព្រំដែនរ៉ាហ្វា។
នេះជាគណៈប្រតិភូអ៊ីស្រាអែលដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប ចាប់តាំងពីមានការធ្វើឃាតលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថា បានអនុវត្តការធ្វើឃាតនេះ។
ចាប់តាំងពីជម្លោះហ្គាហ្សាបានផ្ទុះឡើងក្នុង ខែតុលា ឆ្នាំ២០២៣ អេហ្ស៊ីប រួមជាមួយនឹងអ្នកសម្រុះសម្រួលពីសហរដ្ឋអាមេរិក និងកាតា បាននិងកំពុងធ្វើការ ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា