ព័ត៌មានអន្តរជាតិ

យន្តហោះយោធា ដឹកជញ្ជូន C-130 Hercules ដែលដឹកអតីតនាយករដ្ឋមន្ត្រី បង់ក្លាដែស ចុះចតនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសឥណ្ឌា

RT News

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ, នេះបើតាមប្រភព RT នៅក្នុងរដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ ។ ការតវ៉ាដ៏ហិង្សានៅក្នុងប្រទេសបង់ក្លាដែស បានបង្ខំឱ្យលោកស្រី Sheikh Hasina សុំលាលែងពីតំណែង ជានាយករដ្ឋមន្រ្តី ហើយភៀសខ្លួនចេញពីប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពរបស់ RT បានប្រាប់ឲ្យដឹងថា យន្តហោះយោធាដឹកជញ្ជូន C-130 Hercules ដែលដឹកលោកស្រី Hasina បានចុះចតនៅមូលដ្ឋានទ័ពអាកាស Hindon ក្នុងទីក្រុង Ghaziabad ប្រទសឥណ្ឌា។ កងទ័ពអាកាសឥណ្ឌា បានតាមដានជើងហោះហើរពីបង់ក្លាដែស ហើយបានចតយន្តហោះនៅឃ្លាំង ដែលសមរម្យសម្រាប់ យន្តហោះខ្នាតធំបែបនេះ។

លំនៅដ្ឋានរបស់លោកស្រី Hasina ក្នុងរដ្ឋធានី ដាកា ត្រូវបានក្រុមបាតុករ ដែលមានកំហឹងសម្រុកចូល បន្ទាប់ពីព័ត៌មាន នៃការចាកចេញរបស់លោកស្រី ពីប្រទេសបង់ក្លាដែសត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ រដ្ឋាភិបាលយោធាបានប្រកាសខ្លួនទទួលបន្ទុកប្រទេសជាបណ្ដោះអាសន្ន។ អតីតប្រមុខរដ្ឋាភិបាលបច្ចុប្បន្នមានបំណងទៅទីក្រុងឡុងដ៍ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។

ចំណែកមន្ត្រីឥណ្ឌា កំពុងចាត់វិធានការ ប្រុងប្រយ័ត្នចំពោះអំពើហិង្សានៅក្នុងប្រទេសបង់ក្លាដែស ដោយប្រកាសពីការធ្វើដំណើរ ជាមួយប្រទេស ជិតខាង ត្រូវបានផ្អាកដោយសេវាកម្មផ្លូវដែក និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ខណៈដែលឆ្មាំព្រំដែនជាតិ ក៏កំពុងពង្រឹងសន្តិសុខ នៅតាមព្រំដែនផងដែរ។

ប៉ូលីសនៅទីក្រុងញូវដេលី បានបង្កើនការល្បាតជុំវិញគណៈកម្មាការជាន់ខ្ពស់បង់ក្លាដែស ដែលជាស្ថានទូតរបស់ប្រទេសក្នុងប្រទេសឥណ្ឌា។ មានការព្រួយបារម្ភថាអគារ ដែលមានទីតាំងនៅសង្កាត់ការទូតនៃ Chanakyapuri អាចត្រូវបានកំណត់គោលដៅ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕
ប្រែសម្រួលៈ ណៃ តុលា

To Top