ហ្គាហ្សា៖ បន្ទាប់ពីបញ្ជាជម្លៀសថ្មីចេញដោយអាជ្ញាធរអ៊ីស្រាអែល ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថាប្រជាជនហ្គាហ្សា រាប់ពាន់នាក់ទៀតបានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis ភាគខាងលិចឆ្ពោះទៅកាន់ Al Mawasi។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការណែនាំនេះប៉ះពាល់ដល់ប្រជាជននៅភាគខាងកើត និងកណ្តាលតំបន់ Khan Younis និងតំបន់ Al Salqa។
ប្រភពពី OCHA បានឲ្យដឹងថា “ការប៉ាន់ប្រមាណដំបូងពីដៃគូរបស់យើង ដែលតាមដានចំនួនប្រជាជននៅក្នុងចលនានៅក្នុងតំបន់ហ្គាហ្សា បង្ហាញថាមនុស្សជាង ១៥,៥០០នាក់បាននិងកំពុងរស់នៅក្នុងតំបន់ទាំងនោះ ដែលរួមមានសង្កាត់ជាង 30″។
ប្រភពបានឲ្យដឹងថា “យើងអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងដោយការយកចិត្តទុកដាក់ជាប្រចាំក្នុងការទុកចោលជនស៊ីវិល និងវត្ថុស៊ីវិល” ។
ការិយាល័យបានឲ្យដឹងថា ការអំពាវនាវនេះក៏រួមបញ្ចូលផងដែរនូវការអនុញ្ញាតឱ្យជនស៊ីវិលចាកចេញទៅកាន់តំបន់ ដែលមានសុវត្ថិភាព និងអនុញ្ញាតឱ្យពួកគេត្រឡប់មកវិញបានឆាប់តាមកាលៈទេសៈអនុញ្ញាត។ មនុស្សត្រូវតែអាចទទួលបានជំនួយមនុស្សធម៌ មិនថាពួកគេផ្លាស់ទី ឬស្នាក់នៅក៏ដោយ។
OCHA បានព្រមានថា ឧបសគ្គលើការផលិតទឹក និងការបូមទឹកស្អុយនៅតំបន់ហ្គាហ្សា បន្តធ្វើឱ្យប្រជាជនប៉ាឡេស្ទីន មានហានិភ័យសុខភាពសំខាន់ៗ។ កង្វះម៉ាស៊ីនភ្លើង និងប្រភពថាមពលជំនួស និងការខ្វះខាតគ្រឿងបន្លាស់សម្រាប់ដំណើរការម៉ាស៊ីនភ្លើង ដែលមានស្រាប់ រារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការឆ្លើយតបផ្នែកទឹក និងអនាម័យ៕
ប្រែសម្រួល ឈូក បូរ៉ា