ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិនប្រាប់អ៊ីរ៉ង់តាមទូរស័ព្ទថា ចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារសន្តិសុខ

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឱ្យដឹងថា ចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារ “អធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិ” រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យ នេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោក Wang បានលើកឡើងម្តងទៀតនូវការបរិហាររបស់ទីក្រុងប៉េកាំងចំពោះការធ្វើឃាតប្រធានក្រុមហាម៉ាស់ Ismail Haniyeh ក្នុងទីក្រុង Tehran កាលពីថ្ងៃទី៣១ ខែកក្កដា ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

អ៊ីរ៉ង់ និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas បានចោទអ៊ីស្រាអែលថា បានធ្វើការវាយប្រហារសម្ងាត់ដែលបានសម្លាប់លោក Haniyeh។ យ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនបានអះអាងឬបដិសេធការទទួលខុសត្រូវលើការសម្លាប់នេះទេ ដែលនេះបានជំរុញឱ្យមានការព្រួយបារម្ភថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាកំពុងក្លាយទៅជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធំ។

អ៊ីរ៉ង់បានប្ដេជ្ញាដាក់ទណ្ឌកម្មអ៊ីស្រាអែលយ៉ាងតឹងរ៉ឹងជុំវិញការធ្វើឃាត។ ក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានប្រាប់លោក Ali Bagheri Kani រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ថា ការសម្លាប់លោក Haniyeh បាន “ប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការចរចាបទឈប់បាញ់នៅតំបន់ Gaza និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top