តូក្យូ៖ នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Shanshan បានថមថយអនុភាពប្រែក្លាយទៅជាព្យុះត្រូពិក បានបន្តនាំមកនូវព្យុះផ្គររន្ទះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅក្នុងប្រទេសជប៉ុន។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា ព្យុះទីហ្វុងទី១០នៃឆ្នាំនេះ ដែលស្ថិតនៅក្បែរឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក នៅភាគកណ្តាលនៃប្រទេសជប៉ុន បានបន្ថយអនុភាពកមកជាព្យុះត្រូពិកវិញ នៅពេលថ្ងៃត្រង់ថ្ងៃអាទិត្យនេះ ប៉ុន្តែនៅតែបណ្តាលឱ្យមានបរិយាកាសមិនថេរ នៅភាគខាងកើតនៃប្រទេសជប៉ុន និងខ្យល់នាំមកនូវសំណើម។
គិតត្រឹមម៉ោង១ និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ពពកបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងព្យុះផ្គររន្ទះកំពុងកើតឡើងនៅតំបន់ផ្សេងៗពី Kanto ទៅតំបន់ Kinki ដោយមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយផ្លេកបន្ទោរដែលគេរំពឹងថា កើតឡើងរហូតដល់ថ្ងៃចន្ទ។
ជាមួយនឹងទំហំគ្រាប់ទឹកភ្លៀងរហូតដល់៨០មីលីម៉ែត្រក្នុង១ម៉ោង ការជូនដំណឹងអំពីគ្រោះបាក់ដីនៅតែសកម្មនៅក្នុងខេត្ត Saitama, Kanagawa និង Shizuoka ។
យោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដីនៅតំបន់ភាគខាងកើតប្រទេសជប៉ុន បានដាក់ស្រុតជាបន្តបន្ទាប់ ខណៈកម្រិតទឹកទន្លេបានកើនឡើង ដែលបង្កើនហានិភ័នៃគ្រោះបាក់ដី និងគ្រោះទឹកជំនន់ បើទោះជាមានភ្លៀងធ្លាក់តិចតួចក្តី៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា