ដាម៉ាស់ ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ទៅលើកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រ និងឃ្លាំងអាវុធមួយកន្លែងនៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងនៅ Masyaf ក្នុងខេត្តហាម៉ា ភាគខាងលិចប្រទេស។ ក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេមើលឃើញថាកំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដោយបន្ថែមថា មានការផ្ទុះឆេះដ៏ធំមួយត្រូវបានគេឃើញនៅជិត Wadi al-Oyoun នៅភាគខាងលិចទីក្រុងហាម៉ា បន្ទាប់ពីការវាយប្រហារ។
ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា ការការពារដែនអាកាសបានឆ្លើយតបទៅនឹង “ការឈ្លានពានរបស់អ៊ីស្រាអែល” នៅកណ្តាលប្រទេសស៊ីរី។ ក្រុមសង្កេតការណ៍បានឲ្យដឹងថា កាំជ្រួចជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់។ នៅក្នុងការវាយប្រហារនេះ ទំហំនៃការស្លាប់ និងការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេ។
អ៊ីស្រាអែល បានធ្វើការវាយប្រហារជាច្រើនក្នុងប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាញឹកញាប់ផ្តោតលើអ្វីដែលខ្លួនអះអាងថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡា៕
ប្រែសម្រួល ឈូក បូរ៉ា
